ព័ត៌មានអន្តរជាតិ

ជប៉ុន ហៅការដាក់ពន្ធគយ របស់អាមេរិកថា “ជារឿងគួរឱ្យសោកស្តាយ”

kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានឲ្យដឹងថា លោកបានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ថា ការដាក់ពន្ធនាពេលថ្មីៗនេះលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺ “ជារឿងគួរឱ្យសោកស្តាយ” ។

ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរមណីយដ្ឋានតូចមួយនៃទីក្រុង La Malbaie របស់ប្រទេសកាណាដា លោក Iwaya បានប្រាប់អ្នកយកព័ត៌មានថា លោកបានស្នើសុំឱ្យរដ្ឋបាលរបស់លោក ត្រាំ លើកលែងប្រទេសជប៉ុនពីពន្ធលើរថយន្ត និងពន្ធទៅវិញទៅមកដែលបានគ្រោងទុក។

លោក Iwaya ក៏បានឲ្យដឹងផងដែរថា លោកបានប្រាប់លោក Rubio ថា ប្រទេសទាំងពីរគួរតែពង្រឹងបន្ថែមទៀត នូវសម្ព័ន្ធភាពទ្វេភាគី ស្របតាមកិច្ចព្រមព្រៀងរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ជាមួយ ត្រាំ កាលពីខែកុម្ភៈ ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅឯសេតវិមាន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Iwaya បានជួបជាមួយលោក Rubio នៅក្រៅកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសទាំងប្រាំពីរ។ លោក Iwaya បានដកស្រង់សម្តី Rubio ដោយនិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុនគឺ “មានសារៈសំខាន់ខ្លាំងណាស់” ហើយលោកនឹងបង្ហាញការព្រួយបារម្ភ របស់ទីក្រុងតូក្យូទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

កិច្ចប្រជុំរបស់ពួកគេគឺជាលើកទីបី ចាប់តាំងពីអាណត្តិទីពីរមិនជាប់គ្នារបស់លោក ត្រាំ ក្នុងតំណែងបានចាប់ផ្តើមនៅក្នុងខែមករា។ ក្នុងចំណោមពន្ធដែលបានគ្រោងទុករបស់លោក ត្រាំ ដែលផ្តោតលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏ដូចជាគូប្រជែង ប្រទេសជប៉ុនមានការព្រួយបារម្ភជាពិសេស អំពីពន្ធដែលបានស្នើឡើងរបស់គាត់ប្រហែល ២៥ ភាគរយលើរថយន្តនាំចូល ដែលកើនឡើងពី ២.៥ ភាគរយបច្ចុប្បន្ន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top