ព័ត៌មានអន្តរជាតិ

អាមេរិក ស្នើឱ្យអឺរ៉ុប បង្កើនការនាំចូលស៊ុត ក្នុងពេលតម្លៃស៊ុត នៅអាមេរិក ឡើងថ្លៃ ២០០ភាគរយ

RT News

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីពីសមាគមស៊ុតរបស់ប្រទេសដាណឺម៉ាកថា ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានទាក់ទងទៅកាន់អ្នកផលិត នៅក្នុងប្រទេសសហភាពអឺរ៉ុបមួយចំនួន ដើម្បីធានាឱ្យមានការនាំចូល ស៊ុតបន្ថែមទៀត ចូលសហរដ្ឋអាមេរិក ចំពេលតម្លៃក្នុងស្រុក នៅអាមេរិកកើនឡើងយ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សំណើនេះ កើតឡើង បើទោះបីជាភាពតានតឹង ពាណិជ្ជកម្មនាពេលថ្មីៗនេះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល ជុំវិញពន្ធនាំចូលដែលដាក់ដោយរដ្ឋបាល សហរដ្ឋអាមេរិក លើទំនិញផ្សេងៗ របស់សហភាពអឺរ៉ុបក៏ដោយ។

អ្នកតំណាង ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) នៅអឺរ៉ុប តាមសេចក្តីរាយការណ៍បានបញ្ជូនសំណើជាផ្លូវការកាលពីចុងខែកុម្ភៈ ទៅកាន់ប្រទេសផលិតស៊ុតជាច្រើន រួមមាន ដាណឺម៉ាក ស៊ុយអែត និងហ្វាំងឡង់។

សូមជម្រាបថា តម្លៃស៊ុតលក់ដុំរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានឡើងដល់កម្រិតខ្ពស់គ្រប់ពេលវេលាគឺ ៨,៤១ដុល្លារ ក្នុងមួយឡូ ដែលសម្គាល់ការកើនឡើង ជាង 200% ធៀបនឹងឆ្នាំមុន នេះបើយោងតាមកាសែត Bloomberg ។ ការដំឡើងថ្លៃត្រូវបានសន្មតថា ជាការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី ក្នុងចំនោមមេមាន់ពង ដែលកាត់បន្ថយការផ្គត់ផ្គង់ស៊ុតយ៉ាងច្រើន៕
ប្រែសម្រួលៈ ណៃ តុលា

To Top