ព័ត៌មានអន្តរជាតិ

យូអិន សំដែងក្តីបារម្ភថា នឹងកើតមានការគម្រាមកំហែង ពីសំណាក់ក្រុម Houthi បន្ទាប់ពីការវាយប្រហារ ដោយអាមេរិក

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិហៅ កាត់ថាយូអិន កំពុងបង្ហាញ ក្តីព្រួយបារម្ភអំពីការគំរាម កំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើ នាវានៅសមុទ្រក្រហម បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើក្រុម Houthi នៅយេមែននាពេលចុងក្រោយនេះ ។

លោក Farhan Haq អ្នកនាំពាក្យរង របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ៖ អគ្គលេខាធិការ អំពាវនាវឱ្យមានសេរីភាព ពេញលេញនៃការធ្វើនាវាចរណ៍ នៅក្នុងសមុទ្រក្រហម ។ យើងរំលឹកឡើងវិញ នូវការព្រួយបារម្ភ របស់យើង ចំពោះការចាប់ផ្តើម នៃការវាយប្រហារជាច្រើន លើតំបន់ដែលគ្រប់គ្រងដោយក្រុម Houthi ក្នុងប្រទេសយេមែន ដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

លោកHaq បាននិយាយថា ពួកក្រុម Houthis បានរាយការណ៍ថា ការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស៥៣នាក់ និងរបួស១០១នាក់ទៀត នៅក្នុងទីក្រុង ចំនួន៣ដែលក្នុងនោះ ក៏មានទាំងជនស៊ីវិលផងដែរ។

ទោះយ៉ាងណាក្តីអ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យភាគីទាំងអស់ គោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ គ្រប់ពេលវេលាហើយ លោកក៏បានអំពាវនាវ ឱ្យដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខនាពេលថ្មីៗនេះ ទាក់ទងនឹងការវាយ ប្រហាររបស់ Houthi ប្រឆាំងនឹងក្រុមឈ្មួញ និងនាវាពាណិជ្ជកម្មដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top