ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាម ហួធី អះអាងពីការ​វាយ​ប្រហារ​ថ្មី​ លើ​ក្រុម​នាវា​របស់អាមេរិក ដោយប្រើមីស៊ីល និង យន្តហោះ​គ្មានមនុស្សបើក

RT NEWS

បរទេស៖ ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយបានហៅការវាយប្រហារនេះថា ជាការសងសឹកចំពោះយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ប្រល័យដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់មីស៊ីលផ្លោង និងប្រើយន្តហោះគ្មានមនុស្សបើកចំនួន ១៨ គ្រឿង វាយប្រហារលើ “នាវាផ្ទុកយន្តហោះ USS Harry Truman និងនាវាចម្បាំងដែលអមដំណើរ”។

ក្រុមឧទ្ទាមនេះបាននិយាយកាលពីថ្ងៃចន្ទទៀតថា ការវាយប្រហារនេះត្រូវបានតាមដានយ៉ាងជិតស្និទ្ធដោយការវាយប្រហាររយៈចម្ងាយឆ្ងាយមួយផ្សេងទៀត។ ពួកឧទ្ទាម មិន​បាន​អះអាង​ថា​បាន​វាយ​ប្រហារ​លើ​នាវា​ចម្បាំង​នោះ​ទេ ខណៈ​មន្ទីរ​បញ្ចកោណ​ ក៏មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើ​ការ​វាយ​ប្រហារ​ដែល​គេ​ចោទ​ប្រកាន់​នេះដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមាន “សកម្មភាពយោធាដ៏មានឥទ្ធិពល” ប្រឆាំងនឹងពួកសកម្មប្រយុទ្ធកាលពីថ្ងៃសៅរ៍ ជុំវិញអ្វីដែលគាត់បានពិពណ៌នាថាជា “យុទ្ធនាការមិនឈប់ឈរនៃការលួចប្លន់ អំពើហឹង្សា និងអំពើភេរវកម្ម”។

ការវាយប្រហាររបស់អាមេរិកកាលពីថ្ងៃសៅរ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣ នាក់ និងបានធ្វើឱ្យមនុស្សជិត ១០០ នាក់រងរបួស, នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម ហួធី របស់ប្រទេសយេម៉ែន។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺលោក Mike Waltz បានអះអាងថា ការវាយប្រហារនេះ “បានវាយប្រហារមេដឹកនាំ Houthi ជាច្រើននាក់ ហើយបានដកពួកគេចេញ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top