បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មាន ចេញពីកាសែត Bild របស់អាល្លឺម៉ង់បានរាយការណ៍ថា មេដឹកនាំនៃបណ្តាប្រទេស សហភាពអឺរ៉ុប កំពុង មានអារម្មណ៍ភ័យញាប់ញ័រ មុនពេលការសន្ទនា តាមទូរស័ព្ទនៅថ្ងៃអង្គារ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគី អាមេរិកលោក Donald Trump ដែលត្រូវបានគេរំពឹងថា នឹងផ្តោតលើការដោះស្រាយជម្លោះអ៊ុយក្រែន។
លោក Trump ធ្លាប់បាននិយាយហើយថា លោកគ្រោងនឹងនិយាយ ជាមួយលោកPutin នៅថ្ងៃអង្គារជាលើកទីពីរ ចាប់តាំងពីចូលកាន់តំណែង កាលពីពីរខែមុន ។ អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃចន្ទថា ការសន្ទនារវាងមេដឹកនាំទាំងពីរ នឹងប្រព្រឹត្តទៅដូចទៅនឹងផែនការនេះ ។
ប្រភពដដែល បានសរសេរទៀតថាសហភាពអឺរ៉ុប និងរដ្ឋជាសមាជិកអង្គការណាតូ ថាប្រទេសជិតខាងរុស្ស៊ី ប៉ូឡូញ ហ្វាំងឡង់ អេស្តូនី ឡាតវី និងលីទុយ អានី ជាដើមនាំគ្នា ខ្លាចនិងបារម្ភជុំវិញ នៃការសន្ទនាគ្នាតាមទូរសព្ទនេះ ដោយសារការព្រួយបារម្ភថា វាអាចមានន័យថា នឹងមានការ ដកទ័ពអាមេរិក ចេញពីអឺរ៉ុបហើយ និងការមានការវាយប្រហារ ដោយយោធារុស្ស៊ីក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។
ទោះបីជាយ៉ាងណាក្តីលោកPutin បានច្រានចោលការអះអាង ម្តងហើយម្តងទៀត ដែលថាទីក្រុងមូស្គូ មានផែនការឈ្លានពានណាមួយ ចំពោះអង្គការណាតូថាជា មិនសមហេតុសមផល ដែលមានបំណងបំភ័យ ប្រជាជនអឺរ៉ុបខាងលិច និងក៏ដូចជាការបង្កើនថវិកាយោធា។
កាសែត Bild បានសង្កត់ធ្ងន់ថា ប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបាននិងកំពុងជំរុញយ៉ាងសកម្ម នូវគំនិតនៃការបញ្ជូន កងរក្សាសន្តិភាព អឺរ៉ុបខាងលិច ទៅកាន់អ៊ុយក្រែន ទោះបីជាទីក្រុងមូស្គូបានច្រានចោលនូវលទ្ធភាពបែបនេះក៏ដោយ ក៏កំពុងរៀបចំត្រៀម ប្រសិនបើលទ្ធផល ចេញពីកិច្ចព្រមព្រៀង Trump-Putin ដ៏អាក្រក់បំផុតនឹងអាចកើតឡើង៕
