មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប បានកត់ត្រាកម្រិតខ្ពស់បំផុតនៃការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរឆ្នាំ ក្នុងខែមករានេះ ដោយបានទិញឧស្ម័នតាមបំពង់បង្ហូរប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) សរុបចំនួន ១,៩ពាន់លានអឺរ៉ូ (ប្រហែល ២.០៨ពាន់លានដុល្លារ)។
យោងតាមទិន្នន័យរបស់ Eurostat និងការគណនារបស់ TASS បានឲ្យដឹងថា សហភាពអឺរ៉ុបបាននាំចូល LNG របស់រុស្ស៊ីតម្លៃ ១.០៧ពាន់លានអឺរ៉ូ (១.១៧ពាន់លានដុល្លារ) ដែលជាការកើនឡើង ១៧ភាគរយធៀបនឹងខែធ្នូ ឆ្នាំ២០២៤ និងកើនឡើង ៥៧ភាគរយធៀបនឹងខែមករា ឆ្នាំ២០២៤។ នេះគឺជាការចំណាយខ្ពស់បំផុតលើ LNG របស់រុស្ស៊ី ចាប់តាំងពីខែមករា ឆ្នាំ២០២៣។
ប្រទេសបារាំង បាននាំមុខការនាំចូលដោយទិញ LNG មានតម្លៃ ៤៥៥លានអឺរ៉ូ (៤៩៧លានដុល្លារ) បន្ទាប់មកប្រទេសអេស្ប៉ាញ ២៦១,៥ លានអឺរ៉ូ (២៨៥លានដុល្លារ) និងបែលហ្ស៊ិក ២៥៦,៧លានអឺរ៉ូ (២៨០លានដុល្លារ) ។ ប្រទេសហូឡង់ ក៏បានបង្កើនការនាំចូល LNG របស់រុស្ស៊ីចំនួន ១.៦ភាគរយចាប់ពីខែធ្នូ ឆ្នាំ២០២៤ ឡើងដល់ ១០០ លានអឺរ៉ូ (១០៩លានដុល្លារ)។
ក្នុងខែមករា ការនាំចូលឧស្ម័នបំពង់បង្ហូរឧស្ម័ន របស់សហភាពអឺរ៉ុបរបស់រុស្ស៊ីមានចំនួនសរុប ៨៣៣លានអឺរ៉ូ (៩១១លានដុល្លារ) ត្រឹមតែ ១០ ភាគរយទាបជាងកម្រិតខែធ្នូ ឆ្នាំ២០២៤ ទោះបីជាមានការបញ្ឈប់ទាំងស្រុង នៃការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែនក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា
