ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​អង់គ្លេស បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ ​មិន​ងាករេ​សម្រាប់​អ៊ុយក្រែន

AFP

ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានរំលឹកឡើងវិញ ពីការគាំទ្រ ឥតងាករេ របស់ប្រទេសលោក សម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅល្ងាចថ្ងៃអង្គារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់វិមាន Downing Street ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “នាយករដ្ឋមន្ត្រីបានជួបជចែកជាមួយប្រធានាធិបតីលោក ហ្សេឡិនស្គី នៅល្ងាចនេះ។ មេដឹកនាំទាំងពីរបានពិភាក្សាអំពី វឌ្ឍនភាពសហរដ្ឋអាមេរិក ដែលប្រធានាធិបតីលោក ត្រាំ បានធ្វើឆ្ពោះទៅរកបទឈប់បាញ់ នៅក្នុងកិច្ចពិភាក្សាជាមួយប្រទេសរុស្ស៊ី” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ប្រធានាធិបតីលោក ហ្សេឡិនស្គី បានធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពនៅជួរមុខ ហើយនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញ នូវការគាំទ្រដែលមិនផ្លាស់ប្តូររបស់ចក្រភពអង់គ្លេស” ។

នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាលើ “បទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ” នៅអ៊ុយក្រែន ហើយនឹង “អនុវត្ដភ្លាមៗ” ការចរចាបច្ចេកទេស ស្តីពីការអនុវត្តបទឈប់បាញ់ដែនសមុទ្រនៅសមុទ្រខ្មៅ បទឈប់បាញ់ពេញលេញ និងសន្តិភាពអចិន្ត្រៃយ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top