ព័ត៌មានអន្តរជាតិ

ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក បញ្ជាឱ្យក្រសួង DOGE របស់លោក Elon Musk ផ្អាកការរុះរើទីភ្នាក់ងារ USAID

AFP

បរទេសៈ ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក បានបញ្ជាឱ្យក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលដឹកនាំដោយលោក Elon Musk ឱ្យផ្អាកការរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលទទួលខុសត្រូវក្នុងការ គ្រប់គ្រងជំនួយបរទេសស៊ីវិល និងជំនួយអភិវឌ្ឍន៍ គឺបានប្រឈមមុខនឹងការត្រួតពិនិត្យ លើតួនាទីរបស់ខ្លួននៅក្នុងប្រតិបត្តិការ ឥទ្ធិពលនយោបាយនៅបរទេស។ លោក Musk បានចោទទីភ្នាក់ងារនេះថា បានដឹកនាំអ្នកបង់ពន្ធរាប់ពាន់លានដុល្លារ ទៅក្នុងគម្រោងដែលមិនមានប្រសិទ្ធភាព ឬប៉ះពាល់ដល់ផលប្រយោជន៍របស់អាមេរិក។

នៅក្នុងសេចក្តីសម្រេចរបស់លោកកាលពីថ្ងៃអង្គារ ចៅក្រម Theodore Chuang នៃស្រុក Maryland បានបញ្ជាឱ្យ DOGE ស្ដារការចូលប្រើប្រាស់របស់បុគ្គលិក USAID ទៅកាន់ប្រព័ន្ធកុំព្យូទ័ររបស់ទីភ្នាក់ងារ និងហាមឃាត់ការបង្ហាញព័ត៌មានផ្ទាល់ខ្លួន របស់ពួកគេជាសាធារណៈ។

លោក Chuang បានកំណត់លក្ខណៈនៃការបែងចែកដែលកំពុងគ្រប់គ្រងដោយ DOGE ថា “ទំនងជា” រំលោភលើគោលការណ៍រដ្ឋធម្មនុញ្ញនៃការបំបែកអំណាច។

State Democracy Defenders Action ដែលជាអង្គការមិនរកប្រាក់ចំណេញតំណាងឱ្យបុគ្គលិក USAID ក្នុងសំណុំរឿងនេះ បានសាទរចំពោះសេចក្តីសម្រេចនេះថាជា “ជ័យជម្នះដ៏សំខាន់មួយប្រឆាំងនឹងលោក Elon Musk និងការវាយប្រហារ DOGE របស់លោក” ដោយអះអាងថាក្រុមរបស់លោក Musk កំពុង “ធ្វើការវះកាត់ដោយប្រើរណារ ជំនួសអោយកាំបិតវះកាត់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top