បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសចិនបានប្រហារជីវិត ជនជាតិកាណាដាបួននាក់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ ការប្រហារជីវិតទៅលើ អ្នកនៅបស្ចិមប្រទេស គឺកម្រមានណាស់។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly បាននិយាយថា លោកស្រី និងអតីតនាយករដ្ឋមន្ត្រី លោក Justin Trudeau បានស្នើសុំឱ្យមានការលើកលែងទោស ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលពាក់ព័ន្ធនឹងពលរដ្ឋ ដែលមានសញ្ជាតិពីរ។
ស្ថានទូតក្រុងប៉េកាំង នៅទីក្រុងអូតាវ៉ា របស់កាណាដា បាននិយាយថា ការប្រហារជីវិតគឺដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន ហើយបានកត់សម្គាល់ថា ប្រទេសចិនមិនទទួលស្គាល់សញ្ជាតិពីរនោះទេ។
លោកស្រី Mélanie Joly បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង អូតាវ៉ា ថា “យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រហារជីវិត” ។ “ខ្ញុំបានស្នើសុំការបន្ធូរបន្ថយដោយផ្ទាល់ … ពួកគេទាំងអស់សុទ្ធតែជាពលរដ្ឋដែលមានសញ្ជាតិពីរ” ។
លោកស្រី Joly បាននិយាយទៀតថា ប្រទេសកាណាដា តែងតែស្នើសុំការលើកលែងទោស ចំពោះជនជាតិកាណាដា ដែលប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត នៅបរទេស។ លោកស្រីបានបន្តថា គ្រួសារទាំងនោះបានស្នើ ទៅរដ្ឋាភិបាលឲ្យរក្សាទុកព័ត៌មានលម្អិត អំពីអត្តសញ្ញាណរបស់បុគ្គលទាំងបួនរូប ។
អ្នកនាំពាក្យកិច្ចការសកលលោកស្រី Charlotte MacLeod បាននិយាយថា ពួកគេបន្តផ្តល់ជំនួយ ផ្នែកកុងស៊ុលដល់គ្រួសារ និងបានស្នើសុំឱ្យ ប្រព័ន្ធផ្សព្វផ្សាយ គោរពសិទ្ធិឯកជន របស់ពួកគេ។ លោកស្រីបាននិយាយថា រដ្ឋាភិបាលទីក្រុង អូតាវ៉ានៅតែបន្តតស៊ូមតិ សម្រាប់ការលើកលែងទោស សម្រាប់លោក Robert Schellenberg ជនជាតិកាណាដា ដែលត្រូវបានកាត់ទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀន៕
ប្រែសម្រួលៈ ណៃ តុលា
