សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធយោធារួមប្រចាំឆ្នាំដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងសមត្ថភាព ការពាររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែង ផ្នែកយោធារបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
លំហាត់ហ្វឹកហ្វឺន Freedom Shield ដែលក្លែងធ្វើដោយកុំព្យូទ័រ បានឈានដល់ទីបញ្ចប់ បន្ទាប់ពីដំណើរការរយៈពេល ១១ ថ្ងៃ ប្រឈមមុខនឹងការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។
សមយុទ្ធឆ្នាំនេះ គឺជាសមយុទ្ធយោធាដ៏ធំ លើកដំបូងរបស់សម្ព័ន្ធមិត្ត ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រលប់ចូលកាន់តំណែងក្នុងខែមករា ដោយយោធាអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួន ចំពោះកូរ៉េខាងត្បូង។
អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា សម្រាប់សមយុទ្ធឆ្នាំនេះ កូរ៉េខាងត្បូងបានដាក់ពង្រាយទាហានប្រហែល ១៩,០០០ នាក់ ហើយសម្ព័ន្ធមិត្តបានរៀបចំសមយុទ្ធនៅលើទីលាន ដើម្បីបង្កើនអន្តរប្រតិបត្តិការរបស់ពួកគេ។
សមយុទ្ធនេះមានការចូលរួមពី សមយុទ្ធនៅទូទាំងដែនគោក សមុទ្រ ដែនអាកាស អ៊ីនធឺណិត និងដែនអវកាស ដោយមានបញ្ជាការយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង និងបញ្ជាការកងនាវាចរកងទ័ពជើងទឹក ចូលរួមសមយុទ្ធរួមគ្នាជាលើកដំបូង ៕
ប្រែសម្រួល ឈូក បូរ៉ា
