ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងលោក ហ្សេឡិនស្គី យល់ព្រមលើបទ ឈប់បាញ់មួយផ្នែក ប្រឆាំងនឹងទីតាំង ថាមពលនៅអ៊ុយក្រែន

AFP

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅក្នុងការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃពុធ បានយល់ព្រមលើ “បទឈប់បាញ់មួយផ្នែកប្រឆាំង នឹងទីតាំងថាមពល” រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ការហៅទូរស័ព្ទនេះ បានកើតឡើង មួយថ្ងៃបន្ទាប់ពីលោក ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរបស់ពួកគេថាសន្តិភាពនៅក្នុងអ៊ុយក្រែន “នឹងចាប់ផ្តើមជាមួយនឹង បទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ” នៅអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ ដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz បានឲ្យដឹងថា “ក្រុមបច្ចេកទេស របស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅប្រទេស អារ៉ាប៊ីសាអូឌីត ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីការ ពង្រីកបទឈប់បាញ់ទៅកាន់ សមុទ្រខ្មៅលើផ្លូវឆ្ពោះ ទៅរកបទឈប់បាញ់ពេញលេញ” នៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក ត្រាំ និងលោក ហ្សេឡិនស្គី បានពិភាក្សាអំពីស្ថាន ភាពនៅតំបន់ Kursk ហើយបានយល់ ព្រមចែករំលែក ព័ត៌មានយ៉ាងជិតស្និទ្ធ រវាងបុគ្គលិកការពារជាតិ របស់ពួកគេនៅពេល ដែលស្ថានភាព សមរភូមិមានការវិវត្ត” ។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក ហ្សេឡិនស្គី បានស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ជាពិសេសប្រព័ន្ធមីស៊ីល Patriot ហើយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមធ្វើការ ជាមួយគាត់ដើម្បីស្វែងរកអ្វី ដែលមានជាពិសេសនៅអឺរ៉ុប” ។

លោក ត្រាំ ក៏បានពិភាក្សា អំពីការផ្គត់ផ្គង់អគ្គិសនី និងរោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែន ជាមួយលោក ហ្សេឡិនស្គី  ហើយបានប្រាប់ថា “សហរដ្ឋអាមេរិក អាចមានប្រយោជន៍ខ្លាំងណាស់ ក្នុងការដំណើរការរោងចក្រទាំងនោះ។ កម្មសិទ្ធិរបស់អាមេរិកនៃរោងចក្រទាំងនោះ នឹងក្លាយជាការការពារដ៏ល្អបំផុត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនោះ និងការគាំទ្រ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពលអ៊ុយក្រែន” ។

លោក ហ្សេឡិនស្គី បានសរសេរនៅលើ X បន្ទាប់ ពីនិយាយទៅកាន់លោក ត្រាំ ថា “ជំហានដំបូងមួយឆ្ពោះ ទៅរកការបញ្ចប់ សង្រ្គាមពេញលេញអាចជា ការបញ្ចប់ការវាយប្រហារ លើថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត។ ខ្ញុំគាំទ្រជំហាននេះ ហើយអ៊ុយក្រែនបានបញ្ជាក់ថា យើងត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តវា” ៕

To Top