យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានសម្តែង “ការសោកស្ដាយ” ចំពោះការស្លាប់របស់ បុគ្គលិកអង្គការសហប្រជាជាតិ ប៊ុលហ្គារី ក្នុងការវាយប្រហារលើផ្ទះសំណាក់ របស់អង្គការសហប្រជាជាតិ នៅតំបន់ Deir al-Balah នៃតំបន់ហ្គាហ្សា ប៉ុន្តែបានឲ្យដឹងថា ការស៊ើបអង្កេតដំបូង បានរកឃើញថា មិនមានការពាក់ព័ន្ធ របស់អ៊ីស្រាអែល នៅក្នុងឧប្បត្តិហេតុនោះទេ។
អង្គការសហប្រជាជាតិបានឲ្យដឹងថា បុគ្គលិកដែលជួលដោយការិយាល័យ អង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) ត្រូវបានសម្លាប់នៅពេលដែលសម្ភារៈរបស់ អង្គការសហប្រជាជាតិពីរត្រូវបានវាយប្រហារ ហើយបុគ្គលិក ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Oren Marmorstein បានឲ្យដឹងថា ការស៊ើបអង្កេតបឋម “រកមិនឃើញទំនាក់ទំនង” រវាងប្រតិបត្តិការយោធាអ៊ីស្រាអែល និងការវាយប្រហារនោះទេ។ លោកបានលើកឡើងថា “កាលៈទេសៈនៃឧបទ្ទវហេតុនេះកំពុងត្រូវបានស៊ើបអង្កេត” ដោយបន្ថែមថាអ៊ីស្រាអែលបានសម្របសម្រួលការជម្លៀសសាកសពជនរងគ្រោះ និងអ្នករបួសចេញពីកន្លែងកើតហេតុ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារនេះថា ជាការបំពានច្បាប់អន្តរជាតិ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទីតាំងទាំងអស់របស់អង្គការសហប្រជាជាតិ ត្រូវបានគេស្គាល់ ចំពោះភាគីជម្លោះ ដែលមានកាតព្វកិច្ចការពារពួកគេ” ៕
ប្រែសម្រួល ឈូក បូរ៉ា
