បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមភាគីស៊ីរី លោក Ahmed al-Sharaa ដោយសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារស្ថិរភាពនៅក្នុងប្រទេស។
សារនេះកើតឡើងបន្ទាប់ពីការកើនឡើង នៃអំពើហិង្សាក្នុងប្រទេសដែលហែកហួរ ដោយសង្រ្គាមនាពេលថ្មីៗនេះ ដែលទីក្រុងមូស្គូបានថ្កោលទោសយ៉ាងខ្លាំង ខណៈពេលដែលអំពាវនាវឱ្យមាន វិធានការរហ័សដើម្បីដោះស្រាយវិបត្តិនេះ។
យោងតាមលោក Peskov នៅក្នុងសាររបស់គាត់ទៅកាន់មេដឹកនាំស៊ីរី លោកPutinបានសម្តែង ការគាំទ្ររបស់គាត់ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានការណ៍នៅក្នុង ប្រទេសមានស្ថិរភាពយ៉ាងឆាប់រហ័ស ដើម្បីផលប្រយោជន៍នៃការរក្សាអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដី។
អ្នកនាំពាក្យប្រធានាធិបតីរូបនេះ បានបន្ថែមថា លោក Putin ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែងជាមួយទីក្រុងដាម៉ាស លើបញ្ហាទ្វេភាគីយ៉ាងពេញលេញ ជាមួយនឹងគោលដៅពង្រឹងទំនាក់ទំនង មិត្តភាពជាប្រពៃណីរុស្ស៊ី និងស៊ីរីផងដែរ។
ឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសស៊ីរី ត្រូវបានគ្រប់គ្រងដោយរលកនៃ អំពើហឹង្សាដ៏អាក្រក់បំផុតនៅដើមខែមីនា បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខដែលទើបបង្កើតថ្មី និងកងជីវពលក្នុងស្រុក ដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានចាត់ថា ជាអ្នកស្មោះត្រង់របស់អតីតប្រធានាធិបតីស៊ីរី Bashar Assad៕
ប្រែសម្រួល៖ ស៊ុន លី
