វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក លោកស្រី Brooke Rollins បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីកូរ៉េខាងត្បូង និងតួកគី ដើម្បីជួយសម្រួលដល់ការឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការនាំចូលពីប្រទេសទាំងពីរបានចាប់ផ្តើមហើយ ហើយការនាំចូលពីប្រទេសផ្សេងទៀតក៏កំពុងពិភាក្សាដែរ ដោយលោកស្រីបានលើកឡើងដោយកត់សម្គាល់ថា “យើងកំពុងតែនិយាយក្នុងការនាំចូលស៊ុតរាប់រយលានគ្រាប់ សម្រាប់រយៈពេលខ្លី”។
គួរបញ្ជាក់ថា តម្លៃស៊ុតបានកើនឡើង ១០ភាគរយក្នុងមួយខែ ដែលជំរុញដោយកង្វះខាត ដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។
ទិន្នន័យបឋមបានបង្ហាញថា ចំណាប់អារម្មណ៍អ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan សម្រាប់សហរដ្ឋអាមេរិក បានធ្លាក់ចុះដល់ ៥៧.៩ នៅក្នុងខែមីនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ចំពេលអតិផរណាកើនឡើង ដែលត្រូវបានសម្គាល់ដោយការកើនឡើង ជាបន្តបន្ទាប់នៃតម្លៃស៊ុត៕
ប្រែសម្រួល ឈូក បូរ៉ា
