ព័ត៌មានអន្តរជាតិ

ប្រធាន​ចារកម្ម​របស់​ក្រុម​ហាម៉ាស់ ត្រូវបានសម្លាប់នៅ​ក្នុង​ការ​វាយ​ប្រហារ​ នៅភាគ​ខាង​ត្បូង​ហ្គាហ្សា

AFP

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលបានឲ្យដឹងថា ការវាយប្រហារបានសម្លាប់លោក Osama Tabash ដែលជាប្រធានចារកម្មយោធារបស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាភាគខាងត្បូង។

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា លោក Tabash ក៏ទទួលបន្ទុកលើអង្គភាពឃ្លាំមើល និងកំណត់គោលដៅរបស់ក្រុមហាម៉ាសផងដែរ។  មិន​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ក្រុម​ហាម៉ាស​់ លើ​ការ​អះអាង​នេះ​ទេ។

អ៊ីស្រាអែល បានបន្តការវាយប្រហារនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ បន្ទាប់ពីបទឈប់បាញ់ ជាមួយក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា មិនបានសម្រេច។  ទាហាន​អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ​ជើង​គោក​ជា​បន្តបន្ទាប់​នៅ​ភាគ​ខាង​ត្បូង ភាគ​ខាងជើង និង​កណ្តាល​តំបន់​ហ្គាហ្សា។

ចាប់តាំងពីការបន្តការ វាយប្រហារតាមអាកាសមក អ៊ីស្រាអែល បានសម្លាប់មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ ជាច្រើននាក់ រួមទាំងលោក Issam al-Daalis សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ និងជាប្រធានគណៈកម្មាធិការតាមដានរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា។

ក្រសួងការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ ដោយចំនួនអ្នកស្លាប់សរុបពីការវាយប្រហារជាថ្មី របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាអាចមានលើសពី ៦០០នាក់ បន្ថែមពីលើអ្នករបួសជាង ១០០០នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top