ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិជនចំណាកស្រុកវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដោយថ្កោលទោសការឃុំខ្លួន និងនិរទេសជនជាតិវេណេស៊ុយអេឡាចំនួន ២៤០នាក់ទៅកាន់ប្រទេស El Salvador ជាទង្វើ «ឃោរឃៅ និងអយុត្តិធម៌» លោក ម៉ាឌូរ៉ូ បានលើកឡើងថា ការនិរទេសត្រូវបានអនុវត្តក្នុងលក្ខណៈ “អាម៉ាស់” ដោយគ្មានដំណើរការត្រឹមត្រូវ។
កាលពីចុងសប្តាហ៍មុន រដ្ឋបាលសហរដ្ឋអាមេរិកបាននិរទេសមនុស្សជិត ៣០០នាក់ដែលខ្លួនកំណត់ថាជាសមាជិកនៃក្រុម Tren de Aragua (TdA) ដោយបានលើកឡើងពីច្បាប់ Alien Enemies Act ឆ្នាំ១៧៩៨ ប្រឆាំងនឹង TdA ហើយអះអាងថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការឈ្លានពានពីអង្គការភេរវករបរទេសមួយនេះ។
ទង្វើក្នុងសម័យសង្រ្គាមអនុញ្ញាតឱ្យមានការនិរទេសជនចំណាកស្រុកណាមួយ ដែលខ្លួនកំណត់ថា ជាសមាជិកនៃក្រុមក្មេងទំនើងដោយមិនចាំបាច់ឆ្លងកាត់ដំណើរការអន្តោប្រវេសន៍ជាប្រចាំ។
លោក ម៉ាឌូរ៉ូ បានលើកឡើងថា “យើងនឹងមិនបញ្ឈប់នោះទេ រហូតដល់យុវជនស្លូតត្រង់ទាំងនេះត្រឡប់ទៅប្រទេសវេណេស៊ុយអេឡាវិញ”។ គួរបញ្ជាក់ថា រដ្ឋាភិបាលវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានប្រកាសពីផែនការបន្តជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដោយផ្ទាល់ សម្រាប់ជនចំណាកស្រុកវេណេស៊ុយអេឡា ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
