កាប៊ុល៖ អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Latif Nazari បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា របបតាលីបង់សង្ឃឹមថា នឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសជប៉ុន ដើម្បីទទួលបានការគាំទ្រសម្រាប់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់ ប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ខណៈពេលដែលប្រទេសជប៉ុន ស្ថិតក្នុងចំណោមប្រទេស ដែលមិនទទួលស្គាល់ជាផ្លូវការថា ពួកតាលីបង់ជារដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលភាគច្រើនដោយសារតែគោលនយោបាយគាបសង្កត់លើស្ត្រីនោះ លោក Nazari បានទទូចថាចេតនារបស់របបនេះគឺ “មិនរាប់បញ្ចូលស្ត្រីទាំងស្រុងពីការចូលរួមក្នុងសង្គម” ។
លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ដែលធ្វើឡើងនៅទីក្រុងកាប៊ុលកាលពីថ្ងៃសៅរ៍ថា “ស្ត្រីកំពុងធ្វើការនៅកន្លែងដូចជាក្រសួងអប់រំ អាកាសយានដ្ឋាន និងសូម្បីតែស្ថាប័នប៉ូលីស” ។ Nazari គឺជាផ្នែកមួយនៃគណៈប្រតិភូមន្ត្រីជាន់ខ្ពស់តាលីបង់ ដែលបានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងខែកុម្ភៈ តាមការអញ្ជើញរបស់អង្គការ Nippon Foundation ដែលធ្វើឱ្យវាក្លាយជាដំណើរទស្សនកិច្ចដំបូងគេបង្អស់របស់មន្ត្រីនៃក្រុមអ៊ីស្លាមនិយមចាប់តាំងពីការកាន់កាប់ ប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំ២០២១។
មូលនិធិដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូមិនបានបង្ហាញព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចនេះទេ ដោយលើកឡើងពី “ហេតុផលសុវត្ថិភាព”។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ប្រធានការិយាល័យមជ្ឈិមបូព៌ា របស់ខ្លួនមានការផ្លាស់ប្តូរទស្សនៈក្រៅផ្លូវការជាមួយ សមាជិកក្រុមតាលីបង់ ដែលកំពុងបំពេញទស្សនកិច្ច។
លោក Nazari បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថា “របបបណ្តោះអាសន្នកំពុងសង្ឃឹម សម្រាប់ទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសជប៉ុន” ដោយបង្ហាញពីក្តីសង្ឃឹមថាការគាំទ្រពីប្រទេសជប៉ុននឹង “ធ្វើអោយប្រសើរឡើងនូវកម្រិតជីវភាព សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន” ។ លោក Nazari ក៏បានឲ្យដឹងផងដែរថា របបតាលីបង់ចង់បង្កើតទំនាក់ទំនងមិត្តភាពជាមួយមហាអំណាច ដោយស្នើថាវាដល់ពេលហើយសម្រាប់សហរដ្ឋអាមេរិកដើម្បី “ឆ្ពោះទៅមុខ” និងបញ្ចប់ការបង្កកទ្រព្យសម្បត្តិបរទេសរបស់អាហ្វហ្គានីស្ថាន ដែលបានដើរតួជាកត្តាអូសទាញដល់សេដ្ឋកិច្ច៕
ប្រែសម្រួល ឈូក បូរ៉ា
