ព័ត៌មានអន្តរជាតិ

បារាំង៖ យន្តហោះយោធា២គ្រឿង បុកគ្នានៅកណ្តាលអាកាស អំឡុងពេលហាត់សម

RT News

បរទេស៖ រូបភាពនៃឧប្បត្តិហេតុបានបង្ហាញឱ្យឃើញថា យន្តហោះយោធាពីរគ្រឿងមកពីក្រុមអាកាសយានិកដ៏ល្បី បានបុកគ្នានៅកណ្តាលអាកាសអំឡុងពេលហាត់សមនៅប្រទេសបារាំង ដោយបណ្ដាលឱ្យយន្តហោះធ្លាក់ដល់ដី និងផ្ទុះឆេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្ស ៣ នាក់ ក្នុងនោះរួមមានពីឡុត ២នាក់ និងអ្នករួមដំណើរម្នាក់ បានចុចកៅអីសុវត្ថិភាពចេញមុនពេលធ្លាក់ ។ នេះបើតាមកងកម្លាំងអាកាស និងអវកាសបារាំងបានសរសេរនៅលើ X ។ ឧប្បត្តិហេតុបុកគ្នានេះ បានកើតឡើងនៅជិតមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Saint-Dizier ភាគខាងកើតប្រទេសបារាំង កាលពីរសៀលថ្ងៃអង្គារ អំឡុងពេលសមយុទ្ធហ្វឹកហាត់ ដែលមានការចូលរួមពីយន្តហោះចម្បាំង Alpha ចំនួន ៦គ្រឿង មកពី Patrouille de France ដែលជាក្រុម aerobatics របស់កងទ័ពអាកាសបារាំង។

វីដេអូដែលថតបានដោយអ្នកឈរមើល បានបង្ហាញឲ្យឃើញពីពេលដែលយន្តហោះ បញ្ចេញផ្សែងហុយៗ បានបុកគ្នានៅកណ្តាលអាកាសតែម្តង។ បន្ទាប់មក យន្តហោះបានហោះសំដៅមកដី ខណៈដែលក្រុមនាវិកត្រូវបានគេមើលឃើញថា បានចុចកៅអីសុវត្ថិភាពហោះចេញ។ ក្រោយមក យន្តហោះបានធ្លាក់មកដី ហើយផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បានបញ្ជាក់អំពីឧប្បត្តិហេតុនៅលើ X ដោយកត់សម្គាល់ថា សេវាសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយភ្លាមៗទៅកាន់កន្លែងកើតហេតុ។

ប្រែប្រួលៈ ណៃ តុលា

To Top