សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងពាណិជ្ជកម្មដោយសារតែការគ្រោងដាក់ពន្ធ “ទៅវិញទៅមក” ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Cheong In-kyo បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធការនាំចេញថា “ភាពមិនច្បាស់លាស់ជុំវិញបរិយាកាសពាណិជ្ជកម្មរបស់យើង បាននឹងកំពុងកើនឡើង នៅពេលដែលរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានយកពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ក៏ដូចជាផលិតផលដេរីវេ នៅថ្ងៃទី ១២ ខែមីនា ហើយគ្រោងនឹងដាក់ពន្ធគយទៅវិញនៅខែក្រោយ”។
លោកបានលើកឡើងថា “រដ្ឋាភិបាលនឹងបន្តការចរចាពន្ធគយ និងមិនមែនពន្ធជាមួយសហរដ្ឋអាមេរិក” ដោយកត់សម្គាល់ថា ក្រសួងឧស្សាហកម្មបានស្វែងរកការផ្តល់នូវការព្រួយបារម្ភរបស់ទីក្រុងសេអ៊ូល ចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលថ្មីៗនេះនៅទីក្រុងវ៉ាស៊ីនតោន។
កាលពីដើមខែនេះ លោក Cheong បានជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីបញ្ហានេះ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Ahn Duk-geun ក៏បានទៅបំពេញទស្សនកិច្ចជាលើកទីពីររបស់លោកទៅកាន់រដ្ឋធានីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។
ការនាំចេញរបស់កូរ៉េខាងត្បូងមានចំនួន ១០១.៦ ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ៤.៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំពេលមានភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល។ ទាំងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ការនាំចេញទៅក្រៅប្រទេសនៃផលិតផល semiconductors បានកើនឡើង ៤៩ ភាគរយក្នុងមួយឆ្នាំដល់ ១.៥២ ពាន់លានដុល្លារ ប៉ុន្តែការនាំចេញរថយន្ត និងគ្រឿងចក្របានថយចុះ ១១ ភាគរយ និង ២៧ ភាគរយមកត្រឹម ៤.៩៩ ពាន់លានដុល្លារ និង ២.១១ ពាន់លានដុល្លាររៀងគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
