ព័ត៌មានអន្តរជាតិ

ការ​នាំ​ចូល​ប្រេង​ឆៅ​ របស់​ឥណ្ឌា​ពី​រុស្ស៊ី​ កើន​ឡើងខ្លាំង ក្នុងតម្លៃថោក

AFP

បរទេស៖ សារព័ត៌មាន Financial Express បានរាយការណ៍កាលពីថ្ងៃចន្ទថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែមីនា ជាមួយនឹងតម្លៃទាប ដែលធ្វើឱ្យវាកាន់តែសន្សំសំចៃ សម្រាប់អ្នកចម្រាញ់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃថោកក៏បាននាំឲ្យមានការកើនឡើងនូវភាពអាចរកបាននៃ នាវាដឹកប្រេងដែលមិនមានទណ្ឌកម្ម ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនឥណ្ឌាក្នុងការដឹកជញ្ជូនប្រេង។ របាយការណ៍បានបន្ថែមថា ជាលទ្ធផល ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌាបានស្ទុះងើបឡើងវិញក្នុងខែមីនា បន្ទាប់ពីការធ្លាក់ចុះនៅក្នុងខែមុនៗ។

យោងតាមទិន្នន័យពីក្រុមហ៊ុន Kpler គឺ ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌាបានកើនឡើង យ៉ាងខ្លាំងក្នុងរយៈពេល ២១ ថ្ងៃដំបូងនៃខែនេះ ដែលជាមធ្យមគឺ ១,៨៥ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ។ នេះតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងពី ១,៤៧ លាន bpd ដែលបាននាំចូលក្នុងខែកុម្ភៈ និង ១,៦៤ លាន bpd ដែលបាននាំចូលក្នុងខែមករា ។

របាយការណ៍បានបន្ថែមថា ប្រេងរុស្ស៊ីមានចំនួនជាង ៣៥ភាគរយ នៃការនាំចូលប្រេងសរុប របស់ប្រទេសឥណ្ឌាក្នុងខែមីនា កើនឡើងពីប្រមាណ ៣១ភាគរយ នៅក្នុងខែកុម្ភៈ។ ការកើនឡើងនេះបានជួយទីក្រុងម៉ូស្គូ ពង្រឹងជំហររបស់ខ្លួនជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់ ដល់ប្រទេសនៅអាស៊ីមូយនេះ៕

ប្រែប្រួលៈ ណៃ តុលា 

To Top