ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន និងប្រេស៊ីល នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ ក្រោមផែនការថ្មីរយៈពេល ៥ ឆ្នាំ

kyodo

តូក្យូ៖ ប្រទេសជប៉ុន និងប្រេស៊ីល បានអនុម័តផែនការសកម្មភាពរយៈពេល ៥ឆ្នាំដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេចំពេលមានការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានយល់ព្រមក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ ដើម្បីធ្វើទស្សនកិច្ចមេដឹកនាំទៅវិញទៅមករៀងរាល់ពីរឆ្នាំម្តង និងចាប់ផ្តើមក្របខ័ណ្ឌពិគ្រោះយោបល់ថ្មី សម្រាប់មន្ត្រីជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីបញ្ហាការទូត និងការពារជាតិ។

ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះ ហើយមេដឹកនាប្រេស៊ូល ជាភ្ញៀវរដ្ឋលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៦ឆ្នាំ ដោយលើកឡើងពីសារៈសំខាន់របស់ប្រទេសប្រេស៊ីល ក្នុងនាមជាដៃគូដែលចែករំលែកតម្លៃជាមូលដ្ឋានដូចជាលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងពិភពលោក ដែលមានការបែងចែកកាន់តែខ្លាំងឡើង។

មេដឹកនាំទាំងពីរបានសម្រេចចិត្តជំរុញការសន្ទនាដើម្បីធានាសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីទប់ទល់នឹងអ្វីដែលពួកគេបានពិពណ៌នាថាជា “ការចុះខ្សោយនៃប្រព័ន្ធពហុភាគី” ។

ភ្ញៀវរដ្ឋពីមុនដែលជប៉ុន ទទួលបានគឺប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ក្នុងឆ្នាំ២០១៩។ ការវិលត្រឡប់របស់លោក ទៅកាន់សេតវិមានកាលពីដើមឆ្នាំនេះ បានបង្កបញ្ហាប្រឈមចំពោះពាណិជ្ជកម្មសេរីដោយការដាក់ពន្ធគយ និងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា “ខ្ញុំសង្ឃឹមថានឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់យើងជាមួយប្រេស៊ីល ដោយផ្អែកលើផែនការសកម្មភាព ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា ការទូត សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ និងការប្រែប្រួលអាកាសធាតុ” ។ លោកបានបន្ដថា “កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រេស៊ីល មានសារៈសំខាន់ណាស់ក្នុងការដឹកនាំពិភពលោក ដែលជាប់គាំងក្នុងការប្រឈមមុខដាក់គ្នា និងការបែងចែកទៅជាកិច្ចសហប្រតិបត្តិការពិភពលោក” ។

គួរបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី១៣០ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងប្រេស៊ីល។ ប្រទេសប្រេស៊ីល គឺជាតួអង្គសំខាន់មួយនៅក្នុងសកលលោកខាងត្បូង និងជាសមាជិកនៃក្រុម BRICS នៃមហាអំណាច ដែលកំពុងរីកចម្រើន ដែលរួមមានប្រទេសចិន និងរុស្ស៊ី ផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top