ព័ត៌មានអន្តរជាតិ

ឥណ្ឌាពិចារណា​ កាត់បន្ថយពន្ធ នាំចូលលើទំនិញអាមេរិក

RT News

បរទេស៖ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា អាចកាត់បន្ថយពន្ធលើ ទំនិញជាងពាក់កណ្តាល នៃចំនួន ២៣ ពាន់លានដុល្លារ របស់ខ្លួន ក្នុងការនាំចូលពីសហរដ្ឋអាមេរិក ដែលជាផ្នែក នៃដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលកំពុង ត្រូវបានចរចារវាងប្រទេសទាំងពីរ ។ សម្បទានដ៏សំខាន់នេះមានគោល បំណងរារាំងទីក្រុងវ៉ាស៊ីនតោន ពីការអនុវត្តកាតព្វកិច្ចទៅវិញ ទៅមកឱ្យបានឆាប់នៅថ្ងៃទី ២ ខែមេសា ដែលបានបង្កឱ្យ មានភាពមិនច្បាស់លាស់ក្នុងទីផ្សារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមការវិភាគផ្ទៃក្នុង ដែលធ្វើឡើងដោយទីក្រុងញូវដេលី ដែលដកស្រង់ ដោយរបាយការណ៍នេះ គឺការអនុវត្តពន្ធគយទៅវិញ ទៅមកដោយ សហរដ្ឋអាមេរិកអាចប៉ះពាល់ប្រមាណ ៨៧ភាគរយ នៃការនាំចេញសរុបរបស់ប្រទេសឥណ្ឌា ទៅកាន់អាមេរិកដែលមានតម្លៃ ៦៦ ពាន់លានដុល្លារ ។

ដើម្បីទប់ស្កាត់បញ្ហានេះ ឥណ្ឌាកំពុងពិចារណាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលនឹងពាក់ព័ន្ធ នឹងការកាត់បន្ថយពន្ធ លើទំនិញប្រហែល ៥៥ភាគរយ នៃទំនិញ អាមេរិកដែលប្រទេសនេះនាំចូល ដែលបច្ចុប្បន្នប្រឈមនឹងពន្ធចាប់ពី ៥ភាគរយ ទៅ ៣០ភាគរយ ។ ទីក្រុងញូវដេលីសង្ឃឹមថា នឹងស្វែងរកដំណោះស្រាយដែលមានអត្ថប្រយោជន៍ទៅវិញ ទៅមកចំពោះភាពតាន តឹងពាណិជ្ជកម្មបច្ចុប្បន្ន។

ការអភិវឌ្ឍន៍នេះត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ មុនពេលការចរចាពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ដែលបច្ចុប្បន្នកំពុង ប្រព្រឹត្តទៅនៅទីក្រុងញូវដែលី ។ គណៈប្រតិភូអាមេរិកដឹកនាំដោយជំនួយការតំណាងពាណិជ្ជកម្មសម្រាប់អាស៊ីខាងត្បូង និងកណ្តាល លោក Brendan Lynch បានមកដល់រដ្ឋធានី ឥណ្ឌាកាលពីថ្ងៃអង្គារ។ ដំណើរទស្សនកិច្ចរបស់ពួកគេធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា Piyush Goyal បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីដើមខែនេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (BTA) ជាពិសេសទាក់ទងនឹងបញ្ហាពន្ធគយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top