ម៉ិចស៊ីកូ៖ ប្រទេសជាច្រើន នៅអាមេរិកឡាទីន បានសម្តែងការមិនយល់ ស្របលើការ សម្រេចចិត្ត របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធលើប្រទេស ដែលទិញប្រេង ឬឧស្ម័នពីវ៉េណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសា រព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹង នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា “យើងមិនយល់ស្របនឹងការ ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើប្រទេស (ទាំងនោះ) នេះមានសារៈសំខាន់ ព្រោះវាមិនប៉ះពាល់ ដល់រដ្ឋាភិបាល ឬបុគ្គលណាមួយឡើយ ប៉ុន្តែវាជាប្រជាជនទាំងមូល” ។
លោកស្រី Sheinbaum ក៏បានបញ្ជាក់ជំហរ របស់នាងប្រឆាំងនឹង ទណ្ឌកម្មពាណិជ្ជកម្ម លើប្រទេសគុយបា និងវេណេស៊ុយអេឡា ដោយបន្ថែមថា វាគឺជាជំហរដែលលោកស្រី នឹង “បន្តការពារ” ។ លោកស្រីបានឲ្យដឹងថា ជំនួសឱ្យការដាក់ទណ្ឌកម្មដែល “ប៉ះពាល់ដល់ប្រជាជន” រដ្ឋាភិបាលគួរតែងាកទៅរក “ការទូត និងការសន្ទនាអន្តរជាតិ”។
នៅពេលសួរថាតើវិធានការ របស់សហរដ្ឋអាមេរិក អាចផ្តល់អត្ថប្រយោជន៍ ដល់ម៉ិកស៊ិកក្នុងការនាំចេញប្រេង បន្ថែមទៀតឬអត់លោកស្រី Sheinbaum បានលើកឡើងថា រដ្ឋាភិបាលរបស់លោកស្រី ផ្តល់អាទិភាពលើការប្រើប្រាស់ ក្នុងស្រុកជាងការនាំចេញ ខណៈពេលដែលខ្លួនរក្សាយុទ្ធសាស្រ្ត នៃថាមពលគ្រប់គ្រាន់ដោយខ្លួនឯង។
លោកស្រីបន្ដថា សម្ព័ន្ធ Bolivarian សម្រាប់ប្រជាជន នៃសន្ធិសញ្ញាពាណិជ្ជកម្ម អាមេរិក-ប្រជាជនរបស់យើង ក៏បានច្រានចោលការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនកំពុង “ចូលរួមក្នុងការវាយប្រហារថ្មី” ប្រឆាំងនឹងប្រទេស វេណេស៊ុយអេឡា តាមរយៈវិធានការពាណិជ្ជកម្ម។
ប្លុកក្នុងតំបន់ បានឲ្យដឹងថា វិធានការ របស់សហរដ្ឋអាមេរិក ស្វែងរក “ប៉ះពាល់ដល់ដំណើរការល្អ នៃសេដ្ឋកិច្ច វេណេស៊ុយអេឡា ដោយមានគោលដៅច្បាស់ លាស់ក្នុងការធ្វើឱ្យមានអស្ថិរភាព និងសន្តិភាពនៅក្នុង ប្រទេសបងប្អូន របស់យើង” ។ វាបានជំរុញឱ្យ “សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពខុសច្បាប់ ឧក្រិដ្ឋកម្ម និងអរិភាព របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក” ដែលប៉ះពាល់ដល់មិន ត្រឹមតែប្រទេសវេណេស៊ុយ អេឡាប៉ុណ្ណោះទេ ថែមទាំងនៅអាមេរិកឡាទីន និងតំបន់ការីប៊ីនទាំងអស់ផងដែរ ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដុនាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសដាក់ពន្ធ ២៥ ភាគរយលើ ប្រទេសណាមួយ ដែលទិញប្រេង ឬឧស្ម័នពីប្រទេសវេណេស៊ុយអេឡា ដោយចោទប្រកាន់ប្រទេស អាមេរិកឡាទីនថា បានបញ្ជូនឧក្រិដ្ឋជន “រាប់ម៉ឺននាក់” ទៅកាន់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
