ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សន្យាផ្តល់ជំនួយចាំបាច់ដល់សម្ព័ន្ធមិត្ដកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់ភ្លើងឆេះព្រៃ

yonhap

សេអ៊ូល៖ សហរដ្ឋអាមេរិក បានសម្តែងការរំលែកទុក្ខដល់កូរ៉េខាងត្បូង  ចំពោះការបាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញនៅក្នុងតំបន់ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ដោយសន្យាផ្តល់ការគាំទ្រដែលត្រូវការចាំបាច់ ចំពោះសម្ព័ន្ធមិត្ដរបស់ខ្លួន។

លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីភ្លើងឆេះព្រៃដែលកំពុងបន្តនៅក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង”។

លោកស្រីបានលើកឡើងថា “អាមេរិកឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអំឡុងពេលដ៏លំបាកនេះ។ កងកម្លាំងសហរដ្ឋអាមេរិក-កូរ៉េ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះ និងជួយដល់សហគមន៍ ដែលរងផលប៉ះពាល់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងកាន់ទុក្ខចំពោះការបាត់បង់អ្នកពន្លត់អគ្គីភ័យដ៏ក្លាហាន និងមនុស្សជាច្រើននាក់ទៀតដែលបានស្លាប់។ គំនិតរបស់យើង គឺនៅជាមួយក្រុមគ្រួសាររបស់ពួកគេ ជនភៀសខ្លួន និងអ្នកដែលកំពុងស្វែងរកកន្លែងជ្រកកោនទាំងអស់ក្នុងអំឡុងពេលសោកនាដកម្មនេះ” ។

នៅក្នុងនោះដែរលោកស្រីក៏បានរំឮកផងដែរនូវ “ការគាំទ្រដែលមិនផ្លាស់ប្តូរ” កូរ៉េខាងត្បូង បានបង្ហាញក្នុងអំឡុងពេលបទពិសោធន៍ផ្ទាល់ខ្លួននៃការបំផ្លិចបំផ្លាញភ្លើងឆេះព្រៃកាលពីអតីតកាល។ “ដូចដែលអ្នកបានឈរជាមួយយើង យើងនឹងឈរនៅជាមួយអ្នក”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top