ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិអាមេរិកនិយាយថា ចាំបាច់ត្រូវមានការរារាំងខ្លាំងជាងមុន ប្រឆាំងនឹងចិនក្នុងសមុទ្រជម្លោះ

afp

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃសុក្រថា រដ្ឋបាលលោក Trump នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹង “ការគំរាមកំហែងពីចិនកុម្មុយនិស្ត” និងធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Hegseth បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតី Ferdinand Marcos Jr. នៅក្នុងប្រទេសហ្វីលីពីន ដែលជាការឈប់ដំបូងរបស់លោកនៅក្នុងដំណើរលើកដំបូងទៅកាន់អាស៊ី ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត “ដែក” របស់វ៉ាស៊ីនតោនចំពោះតំបន់ក្រោមការដឹកនាំរបស់លោក Trump ។ នៅមុនដំណើរទស្សនកិច្ចនេះ ចិនបានហៅសហរដ្ឋអាមេរិកថា ជា «អ្នកឈ្លានពាន» និងជាសម្ព័ន្ធមិត្តមិនគួរទុកចិត្ត។

ការជំរុញគោលនយោបាយការបរទេស “អាមេរិកទីមួយ” របស់លោក Trump បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់អាស៊ីអំពីទំហំ និងជម្រៅនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់។

ការសម្រេចចិត្តរបស់ Hegseth ក្នុងការធ្វើឱ្យហ្វីលីពីនជាប្រទេសដែលលោកឈប់ដំបូងគេនៅអាស៊ី បន្ទាប់មកជប៉ុន – ទាំងសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកដែលកំពុងប្រឈមមុខនឹងជម្លោះទឹកដីជាមួយប្រទេសចិន – គឺជាការធានាដ៏រឹងមាំបំផុតដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump ដើម្បីរក្សាវត្តមានសន្តិសុខនៅក្នុងតំបន់។

លោក Hegseth បានប្រាប់លោក Marcos ថា “ការរារាំងគឺជាការចាំបាច់នៅជុំវិញពិភពលោក ប៉ុន្តែជាពិសេសនៅក្នុងតំបន់នេះ នៅក្នុងប្រទេសរបស់អ្នក ដោយពិចារណាលើការគំរាមកំហែងពីពួកកុម្មុយនិស្តចិន” ។ “មិត្តត្រូវឈរប្រកៀកស្មាគ្នាដើម្បីរារាំងជម្លោះ ដើម្បីធានាថាមានការធ្វើនាវាចរណ៍ដោយសេរី មិនថាអ្នកហៅវាថាសមុទ្រចិនខាងត្បូង ឬសមុទ្រហ្វីលីពីនខាងលិចនោះទេ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top