បរទេស៖ អគារមួយដែលកំពុងសាងសង់ក្នុងសង្កាត់ Chatuchak បានដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ ដោយបានកប់កម្មករចំនួន ៤៣នាក់, នេះបើយោងតាមវិទ្យាស្ថានជាតិសម្រាប់វេជ្ជសាស្ត្រគ្រាអាសន្ន។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា កម្មករ៧នាក់បានរត់គេចពីកន្លែងនោះ ហើយមជ្ឈមណ្ឌលសេវាពេទ្យសង្គ្រោះបន្ទាន់ Narenthorn រួមជាមួយនឹងបណ្តាញជួយសង្គ្រោះត្រូវបានបញ្ជូនមកផ្តល់ជំនួយជាបន្ទាន់។
ឆ្លើយតបនឹងឧបទ្ទវហេតុនេះ ឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពបានប្រកាសថា ឧត្តមសេនីយ៍ឯក Pana Claewplodtook អគ្គមេបញ្ជាការកងទ័ពបានបញ្ជាឱ្យដំណើរការមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយកងទ័ពជាបន្ទាន់សម្រាប់ជំនួយសាធារណៈ។
អង្គភាពទាំងអស់ត្រូវបានណែនាំឲ្យចល័តបុគ្គលិក និងឧបករណ៍ចាំបាច់សម្រាប់ដាក់ពង្រាយជាបន្ទាន់។ មន្ទីរពេទ្យកងទ័ពក៏ត្រូវបានដាក់ឱ្យនៅរង់ចាំទទួលអ្នកជំងឺសង្គ្រោះបន្ទាន់ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
