ព័ត៌មានអន្តរជាតិ

ចិន ស្វែងរកកិច្ចសហការ​ជាមួយ​ជប៉ុន និងកូរ៉េខាងត្បូង ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​កូរ៉េខាងជើង

kyodo

ប៉េកាំង៖ ប្រភពពីចិន ដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសចិន បានរៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងគោលបំណងជំរុញឱ្យមានទំនាក់ទំនងជាបីផ្លូវ រវាងប្រទេសជិតខាងអាស៊ីទាំងពីរ និងសហរដ្ឋអាមេរិក។

ប្រភពបានឲ្យដឹងថា អ្នកបង្កើតគោលនយោបាយចិនចែករំលែកទស្សនៈថាមាន “ឱកាសយុទ្ធសាស្ត្រ” សម្រាប់ទីក្រុងប៉េកាំង ដើម្បីចូលទៅជិតទីក្រុងតូក្យូ និងសេអ៊ូល ខណៈដែលភាពជាដៃគូត្រីភាគីរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោនអាចរងផលប៉ះពាល់ដោយការមើលងាយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះក្របខ័ណ្ឌពហុភាគី។

ខណៈពេលដែលការស្ដារឡើងវិញនូវគោលនយោបាយ “America First” របស់លោកនៅក្នុងអាណត្តិទីពីររបស់លោក ដែលបានចាប់ផ្តើមនៅក្នុងខែមករា លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា លោកមានបំណងចង់ភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលលោកបានជួបផ្ទាល់ចំនួនបីដងក្នុងអំឡុងពេលប្រធានាធិបតីអាណត្ដិទីមួយរបស់លោកដោយគូសបញ្ជាក់ពីចំណង់ចំណូលចិត្តរបស់លោកចំពោះវិធីសាស្រ្តទ្វេភាគី។

ជាជំហានមួយដើម្បីបង្កើនទំនាក់ទំនងរបស់ចិនជាមួយប្រទេសជិតខាងទាំងពីរ ទីក្រុងប៉េកាំងបានជម្រាបជូនទីក្រុងសេអ៊ូលថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានបំណងចូលរួមកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូងនៅចន្លោះចុងខែតុលា និងដើមខែវិច្ឆិកា។

ប្រទេសចិន ក៏គាំទ្រគំនិតនៃការរៀបចំកិច្ចប្រជុំត្រីភាគីនៃមេដឹកនាំប្រទេសអាស៊ីទាំងបី នៅដើមដំបូង បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ពួកគេនៅទីក្រុងតូក្យូ កាលពីសប្តាហ៍មុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top