ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា អនុម័តកញ្ចប់ថវិកាការពារជាតិដ៏ធំបំផុតមួយទំហំជាង ៧ពាន់លានដុល្លារ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានប្រកាសបើកភ្លើងខៀវដល់ការទិញឧទ្ធម្ភាគចក្រប្រយុទ្ធធុនស្រាល LCH ចំនួន១៥៦គ្រឿង រួមជាមួយនឹងការបណ្តុះបណ្តាល និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ដែលមានតម្លៃជាង ៦២០ពាន់លានរូពីឬត្រូវជា ៧,៣ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ត្រូវបានអនុម័តដោយគណៈកម្មាធិការខុទ្ទកាល័យសន្តិសុខកាលពីថ្ងៃសុក្រ ហើយក្រោយមកបានចុះហត្ថលេខាដោយក្រសួងការពារជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅថ្ងៃម្សិលមិញនេះ។

ឧទ្ធម្ភាគចក្រនេះនឹងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតការពារជាតិដែលគ្រប់គ្រងដោយរដ្ឋ Hindustan Aeronautics Limited (HAL)ហើយ កងទ័ពឥណ្ឌានឹងទទួលបានឧទ្ធម្ភាគចក្រចំនួន ៩០គ្រឿងបន្ថែមទៀត ខណៈដែល ៦៦គ្រឿងនឹងត្រូវបញ្ជូនទៅឱ្យកងទ័ពអាកាសរបស់ប្រទេសហៅកាត់ថាIAF។

ឧទ្ធម្ភាគចក្រ LCH Prachand ត្រូវបានគេរាយការណ៍ថា ជាឧទ្ធម្ភាគចក្រវាយប្រហារតែមួយគត់នៅលើពិភពលោក ដែលមានសមត្ថភាពហោះឡើង និងចុះចតនៅរយៈកម្ពស់៥,០០០ម៉ែត្រ។
លក្ខណៈពិសេសនេះធ្វើឱ្យវាស័ក្តិសមសម្រាប់ប្រតិបត្តិការនៅក្នុងតំបន់រសើបជាប់ព្រំដែនប៉ាគីស្ថាន និងចិន រួមទាំងតំបន់ដូចជាផ្ទាំងទឹកកក Siachen និងភ្នំ Ladakh ភាគខាងកើតផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top