បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បាតុករជនជាតិបារាងរាប់ពាន់នាក់បានដើរដង្ហែតាមដងផ្លូវក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ដោយតវ៉ាប្រឆាំងនឹងវិធីសាស្រ្តយោធានិយមរបស់ប្រធានាធិបតីបារាំង Emmanuel Macron និងអង្គការណាតូចំពោះជម្លោះនៅអ៊ុយក្រែន។
កាលពីថ្ងៃពុធ លោក Macron បានប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន២ពាន់លានអឺរ៉ូឬត្រូវជា ២,១៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនបន្ទាប់ពីប៉ុន្មានសប្តាហ៍ នៃការប៉ុនប៉ងដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់គាត់ក្នុងការបញ្ជូនទាហានលោកខាងលិច ជាអ្នករក្សាសន្តិភាពទៅកាន់ប្រទេសនេះ។
បន្ថែមពីនោះផងដែរមេដឹកនាំបារាំងក៏បាននិយាយដែរថា សព្វាវុធថ្មីនឹងរួមបញ្ចូលទាំងមីស៊ីលបាញ់ពីពីដីគោកទៅអាកាស រថពាសដែក និងយន្តហោះគ្មានមនុស្សបើកផងដែរ។
បាតុកម្មប្រឆាំងសង្រ្គាមកាលពីថ្ងៃសៅរ៍ត្រូវបានរៀបចំឡើងដោយអតីតអ្នកនយោបាយការជួបជុំជាតិស្តាំនិយម Florian Philippot និងគណបក្សរបស់គាត់គឺ The Patriots។
គួរឲ្យដឹងដែរថាបាតុកររាប់ពាន់នាក់អាចត្រូវបានគេមើលឃើញថាកំពុងដើរកាត់រដ្ឋធានីបារាំងដោយស្រែកពាក្យស្លោកដូចជា “Macron យើងមិនចង់បានសង្រ្គាមរបស់អ្នក!” ហើយ “តោះចាកចេញពីណាតូ!ជាដើមផង នៅក្នុងវីដេអូដែលថតដោយក្រុមការងាររបស់ RT៕
ប្រែសម្រួល៖ ស៊ុនលី
