សេអ៊ូល៖ ក្រសួងការបរទេស ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្តល់ជំនួយមនុស្សធម៌ ដែលមានតម្លៃ ២លានដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់ប្រជាជនរបស់ប្រទេស ដែលរងគ្រោះដោយគ្រោះរញ្ជួយដី នៅដើមសប្តាហ៍នេះ។
ក្រសួងបានឲ្យដឹងថា “យើងបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដែលមានតម្លៃ ២លានដុល្លារ តាមរយៈអង្គការអន្តរជាតិមួយ ដើម្បីជួយឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័សប្រឆាំងនឹងការខូចខាត ដែលបណ្តាលមកពីការរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។
ក្រសួងបានឲ្យដឹងថា ខ្លួននឹងពិនិត្យឡើងវិញនូវជំនួយបន្ថែម ប្រសិនបើចាំបាច់ អាស្រ័យលើស្ថានភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ និងការរញ្ជួយដីកម្រិត ៦.៤ បានអង្រួនប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាង ដោយបានសម្លាប់មនុស្សជាង ១,០០០នាក់ នេះបើយោងតាមសារព័ត៌មានបរទេស៕
ប្រែសម្រួល ឈូក បូរ៉ា
