ក្រុងបេរូត៖ អគ្គលេខាធិការក្រុមហេសបូឡា លោក Naim Qassem បានព្រមានថា ក្រុមនេះអាចពិចារណាលើជម្រើសផ្សេងទៀត ប្រសិនបើអ៊ីស្រាអែល បរាជ័យក្នុងការគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់។
លោក Qassem បានឲ្យដឹងនៅក្នុងសុន្ទរកថាដែលចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ al-Manar របស់ក្រុមហេសបូឡាថា “ប្រសិនបើសកម្មភាពរបស់អ៊ីស្រាអែល កើនឡើងដល់ការសម្លាប់ ការបំផ្លិចបំផ្លាញ និងការកាន់កាប់នោះ យើងមិនអាចបន្ដឈរមើលបានទៀតនោះទេ” ។
លោកបានចោទប្រកាន់អ៊ីស្រាអែលពីការរំលោភបំពានប្រចាំថ្ងៃ បើទោះបីជាក្រុមហេសបូឡា បានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនេះក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា “យើងនៅក្នុងក្រុមហេសបូឡា បានប្រកាន់ខ្ជាប់យ៉ាងពេញលេញទៅនឹងកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ៊ីស្រាអែល បែរជាមិនបានដកខ្លួនចេញ ហើយបន្តការវាយប្រហាររបស់ខ្លួនលើប្រទេសលីបង់ថែមទៀត” ។
លោក Qassem បានអំពាវនាវឱ្យ “បញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល” ហើយបានព្រមានប្រឆាំងនឹង “សមីការថ្មីណាមួយ ដែលអនុញ្ញាតឱ្យអ៊ីស្រាអែល វាយប្រហារតំបន់ Dahieh, Bekaa និងភាគខាងត្បូង” ។ លោកបានជំរុញឲ្យរដ្ឋាភិបាលលីបង់ទទួលខុសត្រូវ និងប្រឈមមុខនឹងការរំលោភបំពានរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារគោលដៅនៅភាគខាងត្បូងប្រទេសលីបង់ និងអគារមួយនៅជាយក្រុង Dahieh ភាគខាងត្បូងនៃទីក្រុងបេរ៉ូត បន្ទាប់ពីគ្រាប់រ៉ុក្កែតត្រូវបានបាញ់ទៅលើភាគខាងជើងអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
