ព័ត៌មានអន្តរជាតិ

ចិន ប្រកាសផ្តល់ជំនួយ ១៣,៨លានដុល្លារ ដល់មីយ៉ាន់ម៉ា និងបញ្ជូនក្រុមជួយសង្គ្រោះទៅបន្ថែមទៀត

Afp

បរទេស៖ អ្នកនាំពាក្យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន បាននិយាយថា ទីក្រុងប៉េកាំងនឹងផ្តល់ជំនួយដល់មីយ៉ាន់ម៉ាចំនួន ១០០លានយន់ ស្មើនឹងប្រហែល ១៣,៨លានដុល្លារ ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដី។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទន្ទឹមនឹងនោះដែរ ប្រធានាធិបតីចិនលោក Xi Jinping បានចូលរួមរំលែកទុក្ខដល់មេដឹកនាំមីយ៉ាន់ម៉ា Min Aung Hlaing។

ក្រុមអ្នកជួយសង្គ្រោះបន្ថែម ៨២ នាក់បានចាកចេញពីទីក្រុង ប៉េកាំង ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមអ្នកសង្គ្រោះបន្ទាន់ផ្សេងពីខេត្តយូណានប្រទេសចិនជាប់ព្រំដែនមីយ៉ាន់ម៉ាបានមកដល់ប្រទេសដែលរងគ្រោះដោយរញ្ជួយដី។

បន្ថែមពីលើនេះ សមាជិក១៦នាក់នៃក្រុមសង្គ្រោះស៊ីវិលចិន Blue Sky Rescue Team នៅទីក្រុង Ruili ខេត្ត Yunnan បានចេញដំណើរទៅកាន់ទីក្រុង Muse ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ នេះបើយោងតាមការផ្សាយរបស់រដ្ឋ CGTN។ អាជ្ញាធរ​ចិន​ក៏​បាន​បញ្ជូន​តង់​ដំបូងចំនួន​៨០​តង់ និង​ភួយ​២៩០​ផងដែរ​៕

ប្រែប្រួលៈ ណៃ តុលា

To Top