បរទេស៖ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃសុក្រ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងស្ពាន និងផ្លូវថ្នល់ ដែលធ្វើឱ្យមានការលំបាកសម្រាប់ប្រតិបត្តិការមនុស្សធម៌ក្នុងការចូលទៅកាន់តំបន់ដែលត្រូវការជំនួយ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការខូចខាតផ្លូវល្បឿនលឿនពីទីក្រុង Yangon-Nay Pyi Taw-Mandalay នាំឱ្យមានការរំខានដល់សេវាកម្ម ដោយមានស្នាមប្រេះ និងការបង្ខូចទ្រង់ទ្រាយផ្ទៃផ្លូវ ដែលបង្ខំឱ្យរថយន្តក្រុងត្រូវបញ្ឈប់ប្រតិបត្តិការ” ។
ទីភ្នាក់ងារនេះបាននិយាយថា មន្ទីរពេទ្យនៅភាគកណ្តាល និងភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា កំពុងតស៊ូដើម្បីទប់ទល់នឹងលំហូរចូលយ៉ាងច្រើននៃអ្នករងរបួសនៅក្នុងការរញ្ជួយដីនេះ។ រថយន្តដឹកទំនិញចំនួន ១៧គ្រឿងនៃកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់ថ្នាំពេទ្យនឹងមកដល់នៅថ្ងៃទី៣០ ខែមីនា ដើម្បីដោះស្រាយការខ្វះខាតថ្នាំនាពេលបច្ចុប្បន្ន រួមទាំងថង់ឈាម និងថ្នាំស្ពឹក។
មេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យបុគ្គលិកជួយសង្គ្រោះបរទេសរាប់រយនាក់ បន្ទាប់ពីការរញ្ជួយដីបានសម្លាប់មនុស្សជាង ១៦០០នាក់ ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតដែលបានវាយប្រហារប្រទេសក្រីក្រដែលហែកហួរដោយសង្រ្គាមក្នុងរយៈពេលជាច្រើនឆ្នាំនេះ។
ប្រែប្រួលៈ ណៃ តុលា
