ព័ត៌មានអន្តរជាតិ

ហុងកុង ប្រកាសផ្តល់ជំនួយជិត៤លានដុល្លារ ខណៈកូរ៉េខាងត្បូងប្រកាសផ្តល់ ២លានដុល្លារ ដល់មីយ៉ាន់ម៉ា ក្រោយគ្រោះរញ្ជួយដី

Xinhua

បរទេស៖ ហុងកុង កាលពីថ្ងៃសៅរ៍ បានបញ្ជូនបុគ្គលិកស្វែងរក និងជួយសង្គ្រោះចំនួន ៥១ នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិករថយន្តសង្គ្រោះ ព្រមទាំងសត្វសុនខ (ឆ្កែ) ស្វែងរក និងជួយសង្គ្រោះផងដែរ។ ក្រុមនេះបាននាំយកឧបករណ៍ចំនួន ៩ តោន រួមទាំងឧបករណ៍ស្វែងរកអ្នកមានជីវិត និងប្រព័ន្ធអង់តែនតាមដានផ្កាយរណបស្វ័យប្រវត្តិ, នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់រដ្ឋាភិបាលហុងកុង។ រដ្ឋាភិបាលហុងកុងក៏នឹងត្រៀមថវិកាចំនួន ៣០ លានដុល្លារហុងកុង (៣,៩ លានដុល្លារ) ពីមូលនិធិសង្គ្រោះគ្រោះមហន្តរាយរបស់ខ្លួន ដើម្បីជួយជនរងគ្រោះមីយ៉ាន់ម៉ា។

ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ២ លានដុល្លារ តាមរយៈអង្គការអន្តរជាតិ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណែកក្រសួងការបរទេសរបស់ប្រទេសឥណ្ឌាវិញ បាននិយាយថា យន្តហោះដឹកជញ្ជូនយោធា C-17 របស់ឥណ្ឌាពីរគ្រឿងកាលពីថ្ងៃសៅរ៍បាននាំយកមន្ទីរពេទ្យបណ្តោះអាសន្ន និងបុគ្គលិកប្រហែល ១២០ នាក់ដែលបានធ្វើដំណើរភាគខាងជើងទៅកាន់ទីក្រុង Mandalay ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលបន្ទាន់ដែលមានគ្រែចំនួន៦០ ។ កាលពីមុន ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនគ្រោងនឹងបញ្ជូនយន្តហោះចំនួនប្រាំគ្រឿង និងនាវាចំនួន ៤ គ្រឿងជាមួយនឹងជំនួយសង្គ្រោះ រួមទាំងក្រុមជួយសង្គ្រោះ និងក្រុមគ្រូពេទ្យផងដែរ។

ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយដែរថា ប្រទេសនេះនឹងបញ្ជូនបុគ្គលិកចំនួន ៥០ នាក់ដើម្បីជួយកំណត់អត្តសញ្ញាណ និងផ្តល់ជំនួយដល់តំបន់ដែលរងគ្រោះខ្លាំងជាងគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top