ព័ត៌មានអន្តរជាតិ

មេដឹកនាំស៊ីរី ប្រកាសបេក្ខភាព គណៈរដ្ឋមន្ត្រីទាំង២៣រូប នៃរដ្ឋាភិបាលថ្មី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំប្រទេសស៊ីរីលោក Ahmed al-Sharaa បានប្រកាសបង្កើតរដ្ឋាភិបាលអន្តរកាលថ្មី ដែលមានសមាជិក២៣រូប ក្នុងគោលបំណងបង្រួបបង្រួមប្រទេស ដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ។

កិច្ចខិតខំដែលមានរយៈពេល៤ខែ ដើម្បីបង្កើនគណៈរដ្ឋមន្ត្រីថ្មីនេះធ្វើឡើងបន្ទាប់ពី ការទម្លាក់អតីតប្រធានាធិបតី Bashar Assad ចេញពីតំណែងដែល គណៈរដ្ឋមន្ត្រីរួមមានតំណាងមកពីសាវតាជនជាតិ និងសាសនាផ្សេងៗ។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ លោក al-Sharaa មេដឹកនាំក្រុមជីហាដ Hayat Tahrir-al-Sham (HTS) ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការដួលរលំរបស់លោក Assad បានពណ៌នារដ្ឋាភិបាលថ្មីថាជា ការផ្លាស់ប្តូរ និងការស្ថាបនា ដែលក្នុងនោះមានផ្ទុកនូវសេចក្តីប្រាថ្នា និងក្តីសង្ឃឹមរបស់ប្រជាជន សម្រាប់អនាគតដ៏ភ្លឺស្វាង និងនិរន្តរភាព។

គណៈរដ្ឋមន្ត្រីថ្មីមានការតែងតាំង គួរឱ្យកត់សម្គាល់ដូចជាលោកស្រី Hind Kabawat ដែលជាស្ត្រីតែម្នាក់គត់នៅក្នុងរដ្ឋាភិបាល និងជាអ្នកតស៊ូមតិគ្រិស្តបរិស័ទ សម្រាប់ការអត់ឱនចំពោះអន្តរជំនឿ និងការពង្រឹងអំណាចស្ត្រី ដែលនឹងបម្រើការជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ។ 

បន្ថែមក្នុងនោះគេក៏សង្កេតឃើញ មានវត្តមានផងដែរលោក Yarub Badr ដែលជា ក្រុមជនជាតិមកពីតំបន់Alawite ដែលនឹងដឹកនាំក្រសួងដឹកជញ្ជូន និងលោក Amgad Badr សមាជិកនៃសហគមន៍ Druze ដែលនឹងដឹកនាំក្រសួងកសិកម្ម៕

ប្រែសម្រួល៖ ស៊ុន លី

To Top