តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីអីស្រ្តាលីលោក Scott Morrison ដែលបានចរចារកិច្ចព្រមព្រៀងទិញយក បច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និងអង់គ្លេសបានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នាពេលអនាគតរបស់អូស្ត្រាលី អាចធ្វើប្រតិបត្តិការនៅជិតកោះតៃវ៉ាន់ និងក្រុមកោះដែលគ្រប់គ្រងដោយប្រទេសជប៉ុន និងដើរតួជាការរារាំងដល់ប្រទេសចិន នៅក្នុងតំបន់។
ខណៈពេលដែលទទួលស្គាល់ថា ការបញ្ជូននាវាមុជទឹកទៅកាន់ទីតាំងជាក់លាក់ទាំងនោះ មិនមែនជាហេតុផលនៅពីក្រោយការជំរុញរបស់អូស្ត្រាលី សម្រាប់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរនោះទេ លោក Morrison បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងស៊ីដនីកាលពីថ្ងៃព្រហស្បតិ៍ថា ច្រកសមុទ្រតៃវ៉ាន់ និងប្រជុំកោះសេនកាគូ ក្នុងសមុទ្រចិនខាងកើត “បង្ហាញពីចំណុចសក្ដានុពល និងជម្លោះដែលអាចទាក់ទាញអូស្ត្រាលីយ៉ាងខ្លាំង” ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន។
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលរួមជាមួយមេដឹកនាំអាមេរិក និងអង់គ្លេស បានប្រកាសពីការចាប់ផ្តើមភាពជាដៃគូសន្តិសុខ AUKUS នៅឆ្នាំ២០២១ថា “ចំណុចអំពីនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរគឺពួកគេអាចទៅគ្រប់ទីកន្លែង ហើយពួកគេអាចទៅគ្រប់ទីកន្លែង ដែលអ្នកត្រូវការឱ្យពួកគេទៅ ហើយដើម្បីធ្វើដូច្នេះដោយសម្ងាត់” ។
លោកបានលើកឡើងថា “យើងបានស្វែងរកសមត្ថភាព ដែលអាចឲ្យយើងទៅគ្រប់ទីកន្លែង ដែលនឹងរួមបញ្ចូលកន្លែងទាំងនោះបើចាំបាច់”។ ក្រោមភាពជាដៃគូបីផ្លូវ អូស្ត្រាលី គ្រោងនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិកដោយចាប់ផ្តើម នៅដើមទសវត្សរ៍ឆ្នាំ២០៣០ និងចែកចាយនាវាដែលផលិតក្នុងស្រុក ជាលើកដំបូងរបស់ខ្លួននៅដើមទសវត្សរ៍ ឆ្នាំ២០៤០។ ការទិញយកនេះគឺជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងបី ដើម្បីប្រឆាំងនឹងការពង្រីកដែនសមុទ្ររបស់ចិន និងមហិច្ឆតាទឹកដីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ចំណាត់ការនេះកើតឡើងចំ ពេលមានសម្ពាធកាន់តែខ្លាំងឡើង ពីប្រទេសចិនលើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
តៃវ៉ាន់ ត្រូវបានគេមើលឃើញថា ជាចំណុចសំខាន់ខាងយោធា ដែលអាចទាក់ទាញសហរដ្ឋអាមេរិកឱ្យមានជម្លោះជាមួយចិន ដែលជាហេតុនាំឱ្យមានការប្រឈមផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសជប៉ុន ដោយសារភាពជិតនៃប្រជុំកោះឆ្ងាយៗរបស់ខ្លួន រួមទាំងសេនកាគុសដែលគ្មានមនុស្សរស់នៅ ដែលទីក្រុងប៉េកាំងទាមទារ និងហៅថា Diaoyu ។
លោក Morrison បានបន្ថែមថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្តិសុខ ដ៏សំខាន់របស់សហរដ្ឋអាមេរិក ក៏នឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូរបស់ AUKUS ផងដែរ ដោយលោក Morrison បានបញ្ជាក់ថា នឹងមាន “នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអែរបន្ថែមទៀត សម្រាប់ដាក់ពង្រាយ ជាពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ៕
ប្រែសម្រួល ឈូក បូរ៉ា
