បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ។ នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងចំពេលមានអស្ថិរភាពពិភពលោកកើនឡើងចាប់តាំងពីអាណត្តិទីពីរនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ។
យោងតាមវែបសាយ Chisun Biz ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែត South China Morning Post (SCMP) បានរាយការណ៍នៅថ្ងៃទី ៣១ ខែមីនា ដោយដកស្រង់ប្រភពការទូតថា “ប្រធានាធិបតី ស៊ី គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី វៀតណាម និងកម្ពុជានៅពាក់កណ្តាលខែមេសា” ដោយបន្ថែមថា “បច្ចុប្បន្នលោកកំពុងសម្របសម្រួលកាលវិភាគដើម្បីស្នាក់នៅប្រទេសម៉ាឡេស៊ីរយៈពេលបីថ្ងៃ” ។ បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅទីក្រុងប៉េកាំង កាលពីខែវិច្ឆិកា ប្រធានាធិបតី ស៊ី ត្រូវបានគេរំពឹងថា នឹងជួបលោកម្តងទៀត ដោយផ្អែកលើវឌ្ឍនភាពដែលបានធ្វើ។
ដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍នេះ ត្រូវបានវិភាគថា ជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកប្រធានាធិបតីចិន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងដើម្បីទទួលបានសម្ព័ន្ធមិត្តប្រឆាំងនឹងសហរដ្ឋអាមេរិក, នេះបើយោងតាម SCMP ។
យោងតាម SCMP ដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់ប្រធានាធិបតី ស៊ី ជីនពីង ត្រូវបានចាត់ទុកថា ជាការឆ្លុះបញ្ចាំងពីអាទិភាពជាតិរបស់ប្រទេសចិន។ លោកបានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងនៅឆ្នាំនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក ស៊ី បានទៅទស្សនកិច្ចប្រទេសជាសម្ព័ន្ធមិត្តជាចម្បង ដូចជាប្រទេសរុស្សី ឬបណ្តាប្រទេសនៅ “Global South” នាពេលថ្មីៗនេះ។
ប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងរក្សាទំនាក់ទំនងមិត្តភាពជាមួយចិន។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។ វៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន ដែលស្មើនឹង 26.5% នៃទំហំពាណិជ្ជកម្មអាស៊ានសរុបគិតត្រឹមឆ្នាំ ២០២៣។ កម្ពុជាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសម្ចាស់ជំនួយសម្រាប់ប្រទេសចិន ដែលចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”៕
ប្រែប្រួលៈ ណៃ តុលា
