បរទេស៖ យោធាចិនបានប្រកាសសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ នៅថ្ងៃអង្គារ ខណៈដែលចិន គឺបានព្រមានកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ប្រឆាំងនឹងការស្វែងរកឯករាជ្យ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោក Shi Yi អ្នកនាំពាក្យនៃបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា សមយុទ្ធរួមគ្នានេះពាក់ព័ន្ធនឹងកងទ័ពជើងទឹក ជើងគោក អាកាស និងគ្រាប់រ៉ុក្កែត ហើយមានន័យថាជា “ការព្រមានយ៉ាងធ្ងន់ធ្ងរ និងការទប់ស្កាត់ដោយបង្ខំប្រឆាំងនឹងឯករាជ្យភាពរបស់កោះតៃវ៉ាន់” ។
ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយដែលនឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំងប្រសិនបើចាំបាច់ ខណៈពេលដែលប្រជាជនកោះតៃវ៉ាន់ភាគច្រើនពេញចិត្តចំពោះឯករាជ្យភាពជាក់ស្តែង និងឋានៈប្រជាធិបតេយ្យរបស់ពួកគេ។
ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានតាមដាននាវាកងទ័ពជើងទឹកចិនចំនួន ១៩ គ្រឿងនៅក្នុងដែនទឹកជុំវិញកោះនេះក្នុងរយៈពេល ២៤ ម៉ោង ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃចន្ទ រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃអង្គារ។
វាបានបន្ថែមថា ខ្លួនបានតាមដានចលនារបស់នាវាផ្ទុកយន្តហោះ Shandong តាំងពីថ្ងៃសៅរ៍ ហើយថា ក្រុមនាវាផ្ទុកយន្តហោះបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណរបស់កោះតៃវ៉ាន់ ដែលជាតំបន់កំណត់ដោយខ្លួនឯង តាមដានដោយយោធា៕
ប្រែប្រួលៈ ណៃ តុលា
