បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាបញ្ចប់ជម្លោះតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស បញ្ឈប់អាវុធ និងចាកចេញពីតំបន់នោះ។
រដ្ឋអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដំបូងបានព្រមព្រៀងគ្នា ចំពោះបទឈប់បាញ់បីដំណាក់កាល ដ៏ផុយស្រួយក្នុងខែមករា បន្ទាប់ពីមានជម្លោះគ្នាដែលបានអូសបន្លាយអស់រយៈពេល ១៥ខែ នៅក្នុងតំបន់ហ្គាហ្សា។
ទោះជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលខែមីនា អ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោក នៅក្នុងតំបន់ដែលប្រឈមមុខដាក់គ្នា ខណៈដែលការពិភាក្សាជាមួយក្រុមហាម៉ាស់ ជុំវិញការដោះលែងចំណាប់ខ្មាំងដែលនៅសល់ និងការអនុវត្តបទឈប់បាញ់បានដួលរលំ។
កាលពីថ្ងៃសៅរ៍ មន្ត្រីកំពូលរបស់ហាម៉ាស លោក Khalil al-Hayya បាននិយាយថា ក្រុមនេះបានទទួលយកសំណើបទឈប់បាញ់ថ្មីមួយ ពីអ្នកសម្របសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតា។
គួរឲ្យដឹងដែរថានៅថ្ងៃដដែលនោះ អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានទទួលសេចក្តីព្រាងនៃសំណើនេះ ហើយបាននិយាយថា ខ្លួនបានធ្វើការតបតវិញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនៅពេលនោះទេ៕
ប្រែសម្រួល៖ ស៊ុន លី
