បរទេស៖ ប៉ូលីសថៃកំពុងស៊ើបអង្កេតទៅលើជនជាតិចិនបួននាក់ដែលត្រូវបានចោទថា បានចូលដោយខុសច្បាប់នៅក្នុងអគារកំពុងសាងសង់ដែលបានដួលរលំ អំឡុងពេលរញ្ជួយដីនៅមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន និងព្យាយាមទាញយកឯកសារពីកន្លែងនោះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Noppasin Poonsawat ស្នងការរង នៃស្នងការដ្ឋាននគរបាលក្រុងបាងកក បានប្រាប់ឲ្យដឹងថា ជនជាតិចិនទាំង៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ពីបទយកឯកសារចំនួន៣២ឯកសារ ចេញពីខាងក្រោយអគារការិយាល័យសវនកម្មរដ្ឋ ដែលបាក់រលំនោះដោយគ្មានការអនុញ្ញាត។
ក្នុងអំឡុងពេលនៃការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ នៅប្រទេសជិតខាងមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា អគារដែលកំពុងសាងសង់ក្នុងរដ្ឋធានីថៃនេះ បានដួលរលំក្នុងរយៈពេលប៉ុន្មានវិនាទី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និងបាត់ខ្លួនចំនួន ៧៤នាក់គិតត្រឹមថ្ងៃអង្គារ ដែលភាគច្រើនជាកម្មករ។
បន្ទាប់ពីការរញ្ជួយដីនេះ អាជ្ញាធរក្រុងបាងកកបានប្រកាសតំបន់ជុំវិញអគារជាតំបន់គ្រោះមហន្តរាយ ដោយហាមប្រាមការចូលទៅកាន់ដោយគ្មានការអនុញ្ញាត។
ទោះបីជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃទី ២៩ ខែមីនា ប៉ូលីសបានទទួលព័ត៌មានថា មានបុគ្គលមួយចំនួនកំពុងដកឯកសារចេញពីទីតាំងនោះ។ ប៉ូលិសបានតាមចាប់បុរសជនជាតិចិនដំបូងគេដែលអះអាងថា ជាអ្នកគ្រប់គ្រងគម្រោងមានប័ណ្ណការងារត្រឹមត្រូវដែលជួលដោយអ្នកម៉ៅការអគារ។ ចំណែកបុរសបីនាក់ទៀតត្រូវបានចាប់ខ្លួនកាន់ឯកសារទាំង ៣២ ដែលត្រូវបានរឹបអូសជាបន្តបន្ទាប់៕
ប្រែសម្រួលៈ ណៃ តុលា
