ម៉ិកស៊ិក៖ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានប្រកាសថា ប្រទេសម៉ិកស៊ិកនឹងវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីពង្រឹងអធិបតេយ្យភាពម្ហូបអាហារ និងកាត់បន្ថយការពឹងផ្អែកនៃការនាំចូលជាការឆ្លើយតបទៅនឹងវិធានការពន្ធថ្មីរបស់សហរដ្ឋអាមេរិក។
ផែនការដែលបង្ហាញដោយលេខាធិការកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេសម៉ិកស៊ិកលោក Julio Berdegue នឹងបែងចែកប្រាក់ចំនួន ៨៣.៧៦ពាន់លានប៉េសូម៉ិកស៊ិក (៤.១ ពាន់លានដុល្លារ) ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ដើម្បីបង្កើនផលិតកម្មដំណាំ និងផលិតផលសំខាន់ៗក្នុងស្រុកដូចជាពោត សណ្តែក អង្ករ កាកាវ ទឹកដោះគោ និងទឹកឃ្មុំ។
ផែនការនេះរួមមានការគាំទ្រសម្រាប់អ្នកផលិតខ្នាតតូច និងមធ្យមចំនួន ៧៥០,០០០នាក់ និងការពង្រីកកម្មវិធីរដ្ឋ សម្រាប់ការប្រមូលផល ការផ្គត់ផ្គង់អាហារ ជី និងការកែច្នៃ។
វាក៏បង្ហាញពីគំនិតផ្តួចផ្តើមដូចជាការផ្លាស់ប្តូរ Liconsa ដើម្បីបង្កើនផលិតកម្មទឹកដោះគោ ការធានាតម្លៃអប្បបរមា និងការធានារ៉ាប់រងដំណាំ ការផ្តល់ប្រាក់កម្ចីការប្រាក់ទាប សម្រាប់ហានិភ័យអាកាសធាតុ និងសត្វល្អិត ព្រមទាំងជំនួយបច្ចេកទេស និងអេកូឡូស៊ីតាមរយៈភ្នាក់ងារជាតិ។
រដ្ឋាភិបាលកំណត់គោលដៅបង្កើនផលិតកម្មពោតពី ២១,៣ ទៅ ២៥ លានតោន សណ្តែកពី ៧៣០ ០០០ ទៅ ១,២ លានតោន អង្ករពី ២២១ ៥០០ ទៅ ៤៥ ម៉ឺនតោន និងទឹកដោះគោពី ៦៨៧ លានទៅ ១,៣ ពាន់លានលីត្រជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣០។
ទំនិញទាំងអស់ដែលផលិតក្រោមផែនការនឹងត្រូវបានដាក់ស្លាកថា “Hecho en Mexico” (“ផលិតនៅម៉ិកស៊ិក”) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអធិបតេយ្យភាពស្បៀងអាហាររបស់ប្រទេស ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពជាតិទាំង១៨ របស់ប្រធានាធិបតីលោកស្រី Claudia Sheinbaum ៕
ប្រែសម្រួល ឈូក បូរ៉ា
