វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងនូវទំនុកចិត្ត “ពេញលេញ” ចំពោះការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូង ចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការទម្លាក់អតីតប្រធានាធិបតីលោក Yoon Suk Yeol ក្នុងសប្តាហ៍នេះ។
តុលាការធម្មនុញ្ញរបស់ទីក្រុងសេអ៊ូល បានប្រកាសជាឯកច្ឆ័ន្ទលើការចោទប្រកាន់លោក Yoon កាលពីថ្ងៃសុក្រ (ម៉ោងនៅប្រទេសកូរ៉េ) ដោយដកលោកចេញពីតំណែងជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកនៅក្នុងខែធ្នូ និងកំណត់ដំណាក់កាលសម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលទំនងជានៅដើមខែមិថុនា។
លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានដោយសំដៅទៅកូរ៉េខាងត្បូងដោយឈ្មោះផ្លូវការរបស់ខ្លួនថា “យើងដឹងយ៉ាងខ្លាំងអំពីការវិវត្តនៅក្នុងសាធារណរដ្ឋកូរ៉េ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។
លោកបានបន្ថែមថា “ខ្ញុំអាចប្រាប់អ្នកថា … ទំនុកចិត្តទាំងស្រុងរបស់អគ្គលេខាធិការ ចំពោះការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ចំពោះគោលការណ៍ប្រជាធិបតេយ្យ និងផ្លូវឆ្ពោះទៅមុខប្រកបដោយសន្តិភាព និងស្ថិរភាព និងស្ថាប័ននៃប្រទេសនោះ”៕
ប្រែសម្រួល ឈូក បូរ៉ា
