បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donadl Trump បានការពារការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដាក់ពន្ធគយលើដៃគូពាណិជ្ជកម្មភាគច្រើនរបស់អាមេរិក។
គួររំលឹកដែរថាការសម្រេចចិត្តផ្លាស់ប្តូរ ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះបានធ្វើឱ្យទីផ្សារពិភពលោកភ្ញាក់ផ្អើល និងបង្កឱ្យមានប្រតិកម្មតបតពីមេដឹកនាំពិភពលោក។
ចំពោះបញ្ហានេះលោក Trump បានសរសេរនៅលើវេទិកាសង្គមTruth Social របស់គាត់ថា៖ ចំពោះអ្នកវិនិយោគជាច្រើនដែលចូលមកក្នុងសហរដ្ឋអាមេរិក និងវិនិយោគប្រាក់យ៉ាងច្រើន គោលនយោបាយរបស់ខ្ញុំនឹងមិនផ្លាស់ប្តូរទេ។ នេះជាពេលវេលាដ៏ល្អមួយដើម្បីក្លាយជាអ្នកមាន កាន់តែសម្បូរបែបជាងមុន។
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា លោកប្រធានាធិបតីរូបនេះនៅតែរឹងរូស បើទោះបីជាទីផ្សារភាគហ៊ុនអាមេរិកបានទទួលរងការធ្លាក់យ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីជំងឺរាតត្បាត Covid-19 ក្នុងឆ្នាំ២០២០ក៏ដោយ។
ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បាននិយាយថា ៖ឥឡូវនេះវាច្បាស់ណាស់ថាការដំឡើងពន្ធនឹងមានទំហំធំជាងការរំពឹងទុកខណៈពេលដែលពន្ធគយទំនងជានឹងបង្កើនកម្រិតអតិផរណា ហើយវាក៏អាចបន្តកើតមានផលប៉ះពាល់ជាច្រើនបន្ថែមទៀតផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
