ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីទាំង៣របស់ Tesla, Amazon និង Meta ខាតបង់ជាង ២៣ពាន់លានដុល្លារ បន្ទាប់ពីលោក Trump ប្រកាសគោលនយោបាយពន្ធថ្មី

ABC7

បរទេស៖ មហាសេដ្ឋីដែលមានជាងគេបំផុតទាំងបី របស់ពិភពលោកគឺ មហាសេដ្ឋី Elon Musk, Jeff Bezos និង Mark Zuckerberg បានខាតបង់យ៉ាងតិច ២៣ ពាន់លានដុល្លារក្នុងម្នាក់ៗ ក្នុងរយៈពេលត្រឹមតែពីរថ្ងៃបន្ទាប់ពីលោក Trump ប្រកាសគោលនយោបាយពន្ធថ្មីរបស់លោក។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃទី២ ខែមេសាថា លោកនឹងដាក់ពន្ធអប្បបរមា 10% លើការនាំចូលពីប្រទេសទាំងអស់ ។ ក្នុងពេលជាមួយគ្នានេះ លោកបានប្រកាសពន្ធទៅវិញ ទៅមកលើសេដ្ឋកិច្ចចំនួន ១៨០ប្រទេស ដែលប្រទេសមួយចំនួន ពន្ធនឹងឡើង ដល់ 50%។

ព័ត៌មាននេះបានធ្វើឱ្យទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះ ដោយសន្ទស្សន៍ Dow Jones, S&P 500 និង Nasdaq ទាំងអស់បានធ្លាក់ចុះច្រើនជាង 5% នៅក្នុងវគ្គចុងក្រោយនៃសប្តាហ៍នេះ។

យោងតាមសន្ទស្សន៍ Billionaires Index របស់ Bloomberg មហាសេដ្ឋីដែលមានជាងគេបំផុតទាំងបីរបស់ពិភពលោកគឺ Elon Musk, Jeff Bezos និង Mark Zuckerberg បានខាតបង់ ៣០,៩ ពាន់លានដុល្លារ ២៣,៤៩ ពាន់លានដុល្លារ និង ២៧,៣៤ ពាន់លានដុល្លារ រៀងគ្នា។ នេះ​ក៏​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ​នៃ​ទ្រព្យ​សកម្ម​ដែល​មិន​ធ្លាប់​មាន ​សម្រាប់​ក្រុម​អ្នក​មាន​បំផុត​ទាំង ៥០០រូប នៅ​លើ​ភព​ផែនដី។

ក្រុមហ៊ុន Tesla, Amazon និង Meta ធំៗទាំងបី ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែឧស្សាហកម្មបច្ចេកវិទ្យា ពឹងផ្អែកយ៉ាងខ្លាំងទៅលើការ ផលិតបន្ទះឈីប និងសេវាកម្ម IT ពីប្រទេសចិន ឥណ្ឌា និងតៃវ៉ាន់។ ក្នុងនោះ អាមេរិកនឹងដាក់ពន្ធ ៣២% លើទំនិញពីកោះតៃវ៉ាន់, ២៦% លើឥណ្ឌា និងដំឡើងអត្រាពន្ធសរុបដល់ ៥៤% លើចិន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top