យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ នៅសេតវិមាន ដើម្បីពិភាក្សាលើបញ្ហាពន្ធគយ ដែលអាមេរិក បានដាក់លើប្រទេសអ៊ីស្រាអែល នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យ របស់គាត់ដែលបានចេញ ផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន រួមទាំងពន្ធថ្មីដែលទើបដាក់ដោយលោក ត្រាំ លើអ៊ីស្រាអែល ការចរចាចំណាប់ខ្មាំងដែលកំពុងបន្តជាមួយក្រុមហាម៉ាស់ ភាពតានតឹងដែលអាចកើតមានរវាងអ៊ីស្រាអែល និងតួកគី នៅក្នុងប្រទេសស៊ីរី និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ និងបណ្តាញប្រូកស៊ី ។
កាលពីថ្ងៃពុធលោក ត្រាំ បានប្រកាសពីការសម្រេចចិត្តដាក់ពន្ធ ១៧ ភាគរយលើទំនិញអ៊ីស្រាអែល ដែលជាផ្នែកមួយនៃអ្វីដែលគេហៅថា “ពន្ធទៅវិញទៅមក” លើដៃគូពាណិជ្ជកម្មទាំងអស់ ។ មួយថ្ងៃមុនការប្រកាសរបស់លោក ត្រាំ អ៊ីស្រាអែលបានដកពន្ធទាំងអស់ លើការនាំចូលពីសហរដ្ឋអាមេរិក ប៉ុន្តែជំហាននេះមិនបានរារាំងលោក ត្រាំ ពីការដាក់ពន្ធលើអ៊ីស្រាអែលនោះទេ។
សហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មកំពូលមួយ របស់អ៊ីស្រាអែល ដោយពាណិជ្ជកម្មទំនិញទ្វេភាគីឈានដល់ការប៉ាន់ប្រមាណ ៣៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ នេះបើយោងតាមអ្នកតំណាង ពាណិជ្ជកម្មអាមេរិក។ នៅតំបន់ហ្គាហ្សា កិច្ចព្រមព្រៀងឈប់បាញ់ ជាដំណាក់កាលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានដួលរលំនៅថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីអ៊ីស្រាអែលបានបដិសេធមិនបន្តទៅដំណាក់កាលទីពីរ ហើយបានបន្តការវាយលុកតាមផ្លូវអាកាស និងថ្មើរជើងលើតំបន់ហ្គាហ្សា។
ក្រុមហាម៉ាស់ បានចាប់ពង្រត់ចំណាប់ខ្មាំង ២៥១ នាក់ក្នុងអំឡុងពេលការវាយប្រហាររបស់ខ្លួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ យោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ចំណាប់ខ្មាំងចំនួន ៥៩ នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដោយក្នុងនោះ ៣៥ នាក់ត្រូវបានគេសន្មត់ថាបានស្លាប់៕
ប្រែសម្រួល ឈូក បូរ៉ា
