ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាន់ខ្ជាប់ចំពោះពន្ធគយ លើសហភាពអឺរ៉ុប និងទាមទារឲ្យប្លុកនេះ ទិញថាមពលអាមេរិក បន្ថែមទៀត

AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ពន្ធដែលបានគ្រោងទុក លើការនាំចូលពី សហភាពអឺរ៉ុប នឹងចូលជាធរមាន តាមការគ្រោងទុក ដោយទាមទារឱ្យប្លុកនេះទិញ ថាមពលអាមេរិកបន្ថែមទៀត ដើម្បីជួយកាត់បន្ថយឱនភាព ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ បានច្រានចោលការផ្តល់ ជូនរបស់សហភាពអឺរ៉ុបនៃពន្ធ “zero-for-zero” ជាមួយសហរដ្ឋអាមេរិក សម្រាប់ទំនិញឧស្សាហកម្ម។

លោក ត្រាំ បានឲ្យដឹងនៅក្នុងការិយាល័យ Oval នៅពេលដែលត្រូវបានសួរថា តើកិច្ចព្រមព្រៀង ដែលប្រធាន គណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានស្នើឡើងកាលពីថ្ងៃចន្ទ គឺគ្រប់គ្រាន់ឬអត់។ លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា អឺរ៉ុប គួរតែបង្កើនការនាំចូលប្រេង និង ឧស្ម័នរបស់សហរដ្ឋអាមេរិក ឬប្រឈមមុខនឹងពន្ធលើការ នាំចេញរបស់ពួកគេ រួមទាំងរថយន្ត និងគ្រឿងម៉ាស៊ីនផងដែរ។

អ្នកនាំពាក្យសហភាពអឺរ៉ុប បានឆ្លើយតបថា៖ «សហភាពអឺរ៉ុបប្តេជ្ញាផ្អាកការនាំចូលថាមពលពីរុស្ស៊ី និងធ្វើពិពិធកម្មប្រភព ផ្គត់ផ្គង់របស់យើង»។ សហភាពអឺរ៉ុប បច្ចុប្បន្នមានប្រភព ៤៧ ភាគរយនៃឧស្ម័នធម្មជាតិរាវរបស់ខ្លួន និង ១៧ ភាគរយនៃការនាំចូលប្រេងពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជំហររបស់លោក ត្រាំ បានកើតឡើងចំ ពេលមានភាពតានតឹង ពាណិជ្ជកម្មកើនឡើងជាសកល សេដ្ឋកិច្ចនៅទូទាំង ពិភពលោក បានគំរាមកំហែងដល់សង្គ្រាមពាណិជ្ជកម្ម ខណៈដែលពន្ធគយដ៏ច្រើនសន្ធឹក សន្ធាប់របស់លោក ត្រាំ បានប្រកាស កាលពីសប្តាហ៍មុន បានបង្កើនការរំពឹងទុក នៃការធ្លាក់ ចុះសេដ្ឋកិច្ចពិភពលោក និងការកើនឡើងតម្លៃ យ៉ាងខ្លាំង សម្រាប់ទំនិញជាច្រើន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលព្យាយាមបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យកាត់បន្ថយពន្ធ ១៧ ភាគរយលើអ៊ីស្រាអែល ដែលដាក់ដោយក្រុង វ៉ាស៊ីនតោន។

យោងតាមទិន្នន័យរបស់ការិយាល័យ ជំរឿនរបស់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកបានដំណើរ ការឱនភាពពាណិជ្ជកម្ម ទំនិញចំនួន 208.7 ពាន់លានដុល្លារជាមួយ សហភាពអឺរ៉ុបក្នុងឆ្នាំ២០២៣។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាង ខ្ជាប់ខ្ជួននូវអតុល្យភាពនេះជាភស្តុតាង ដែលថាបណ្តាប្រទេសអឺរ៉ុប ទាញយកផល ប្រយោជន៍ពីអាមេរិក៕

To Top