តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃចន្ទ បានបរាជ័យ ក្នុងការទទួលបានការលើកលែងពន្ធ ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែមេដឹកនាំទាំងពីរ បានយល់ស្របថា បញ្ហានេះគួរតែត្រូវបានពិភាក្សាបន្ថែមទៀត ដោយរដ្ឋមន្ត្រីរបស់ពួកគេ។
លោក Ishiba បានឲ្យដឹងថា លោកបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង របស់ប្រទេសជប៉ុនដែលថាការដាក់ពន្ធ “ឯកតោភាគី” លើផលិតផលជប៉ុន នឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដោយបន្ថែមថាប្រទេសទាំងពីរ គួរតែបន្តកិច្ចសហប្រតិបត្តិការទូលំទូលាយ និងផ្តល់ផលប្រយោជន៍ ទៅវិញទៅមកជំនួសឱ្យពន្ធ ។
លោក ត្រាំ ដែលបានប្រកាសពន្ធ ២៤ ភាគរយ លើផលិតផលជប៉ុន ដែលមានប្រសិទ្ធភាពនៅថ្ងៃពុធនេះ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោកថា ប្រទេសជប៉ុននឹងបញ្ជូន ” ក្រុមកំពូលមួយក្រុម ដើម្បីចរចា” លើបញ្ហានេះ។ លោកបានបន្ដថា សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកយ៉ាង “អន់ថយ” លើពាណិជ្ជកម្មនៅក្នុងការដេញថ្លៃ ជាក់ស្តែងមួយ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃតម្លៃពន្ធរបស់លោក។
រួមជាមួយនឹងពន្ធ ២៥ ភាគរយ លើរថយន្តជប៉ុន ដែលជាប់ព្រំដែនសហរដ្ឋអាមេរិករួចហើយ ការវាយលុករបស់លោក ត្រាំ លើពន្ធខ្ពស់គំរាមកំហែង ដល់ការដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុន ដែលពឹងផ្អែកលើការនាំចេញ។ លោក Ishiba បានប្រកាន់យកទស្សនៈថា ប្រទេសជប៉ុនកំពុងប្រឈមមុខនឹង “វិបត្តិជាតិ” ហើយបានប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាងដែលរដ្ឋាភិបាល របស់លោក អាចធ្វើបានដើម្បីការពារសេដ្ឋកិច្ច រួមទាំងការបន្តជំរុញឱ្យលោក ត្រាំ គិតឡើងវិញនូវវិធានការនេះ ។
លោក Ishiba បានលើកឡើង ថា “ខ្ញុំបានប្រាប់គាត់ថា យើងគួរតែស្វែង យល់ពីរបៀប ដែលយើងអាចសហការយ៉ាង ទូលំទូលាយនៅក្នុងវិធីមួយ ដែលអាចផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរ រួមទាំងតាមរយៈការវិនិយោគបន្ថែមទៀត ជាជាងការយកពន្ធឯកតោភាគី” ។ លោកបានប្រាប់អ្នកយក ព័ត៌មានថា “ភាគីទាំងពីរនឹងតែងតាំងរដ្ឋមន្ត្រីទទួលបន្ទុក” ដើម្បីបន្តការពិភាក្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការពិភាក្សាតាមទូរស័ព្ទបានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ ពីលោក Ishiba បានឲ្យដឹងថា លោកនឹងស្វែងរកការហៅទូរស័ព្ទ មួយមុនពេលពិចារណាការចរចា ដោយផ្ទាល់ជាមួយ លោក ត្រាំ ដើម្បីធ្វើឱ្យករណីរបស់គាត់ដែលប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់សហរដ្ឋអាមេរិក គួរតែត្រូវបានលើក លែងពីពន្ធ ៕
ប្រែសម្រួល ឈូក បូរ៉ា
