បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលរបស់លោកបានអនុម័ត កញ្ចប់ថវិកាការពារជាតិប្រមាណជា ១ ពាន់ពាន់លានដុល្លារ បើទោះបីជាយុទ្ធនាការកំពុងបន្ត ដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេល ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃចន្ទ។
លោក ត្រាំ បាននិយាយថា “យើងចំណាយច្រើនណាស់ ប៉ុន្តែយោធាគឺជាអ្វីដែលយើងត្រូវកសាង ហើយយើងត្រូវតែរឹងមាំ ព្រោះអ្នកមានកម្លាំងអាក្រក់ជាច្រើននៅទីនោះ” ។ “គ្មាននរណាម្នាក់បានឃើញអ្វីដូចវាទេ” ។
ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានសង្កត់ធ្ងន់ថា “យើងមានបំណងចំណាយរាល់ប្រាក់ដុល្លារ របស់អ្នកជាប់ពន្ធដោយប្រាជ្ញា – ដោយគុណភាព និងការត្រៀមខ្លួន” ។
រដ្ឋមន្រ្តីការពារជាតិក្រោមការគ្រប់គ្រង របស់ប្រធានាធិបតីមុនរបស់លោក Joe Biden គឺ លោក Lloyd Austin បានស្នើឱ្យបង្កើនថវិកាការពារជាតិប្រហែល ៥០ ពាន់លានដុល្លារច្រើនជាង ការព្យាករណ៍សម្រាប់ឆ្នាំសារពើពន្ធ ២០២៦៕
ប្រែសម្រួលៈ ណៃ តុលា
