បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេទីក្រុងតេហរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងបើកកិច្ចចរចាដោយប្រយោល ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ។
ប្រភពដដែលបានសរសេរឲ្យដឹងទៀតថាប្រទេសទាំងពីរនឹងប្រាស្រ័យទាក់ទងគ្នាតាមរយៈអន្តរការី ជាជាងចូលរួមក្នុងការពិភាក្សាផ្ទាល់ទល់មុខគ្នា។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា លោក និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff នឹងដឹកនាំការចរចាកម្រិតខ្ពស់នៅក្នុងប្រទេសអូម៉ង់លើកនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃអង្គារថា ៖វាគឺជាឱកាសច្រើនដូចដែលវាជាការសាកល្បងចំណែកឯលក្ខខណ្ឌគឺស្ថិតនៅក្នុងដៃរបស់អាមេរិក ។
យោងតាមទីភ្នាក់ងារ NourNews របស់អ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr bin Hamad bin Hamood Al-Busaidi ក៏នឹងចូលរួមក្នុងការចរចានេះផងដែរ។
គួរឲ្យដឹងដែរថាលោក Trump បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងរៀបចំ កិច្ចពិភាក្សាកម្រិតខ្ពស់បំផុត ជាមួយប្រទេសអ៊ីរ៉ង់នៅថ្ងៃសៅរ៍ ដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថាការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយនឹងនាំឱ្យមាន ពេលវេលាដ៏អាក្រក់មួយ សម្រាប់សាធារណរដ្ឋអ៊ីស្លាម៕
ប្រែសម្រួល៖ ស៊ុន លី
