ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ទីក្រុងមូស្គូ ប្រកាសអះអាង អំពីជំនួបពិភាក្សា សាជាថ្មីជាមួយ នឹងសហរដ្ឋអាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារថា ជំនួបបន្ទាប់ នៃកិច្ចចរចារវាងប្រទេសរុស្ស៊ី និងអាមេរិកដែលមានបំណងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងការទូតនឹងប្រព្រឹត្តទៅ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រភពដដែលនេះ ក៏បានសរសេរដែរថា ប្រទេសទាំងពីរបានបើកកិច្ចប្រជុំ កម្រិតខ្ពស់ជាច្រើនលើក រួចមកហើយគិតចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងក្នុង ខែមករាមកម្ល៉េះ ។

តាមផែនការកិច្ចចរចា នាពេលខាងមុខនឹងផ្តោតលើការធ្វើឱ្យដំណើរការ ធម្មតានៃបេសកកម្មការទូត របស់ប្រទេសទាំងពីរហើយ ក្រសួង​បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ នៅក្នុងនោះ ទម្រង់ និង អ្នកចូលរួមក្នុងកិច្ចចរចា នឹងនៅតែមិនផ្លាស់ប្តូរពីជុំមុន នោះទេដែលធ្លាប់បានធ្វើ កាលពីថ្ងៃទី២៧ខែកុម្ភៈ នៅទីក្រុងអ៊ីស្តង់ប៊ុល ។

គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយ ឯកអគ្គរដ្ឋទូតថ្មីរបស់ទីក្រុងមូស្គូប្រចាំនៅវ៉ាស៊ីនតោន លោក Aleksandr Darchiev ខណៈដែលភាគីអាមេរិក នឹងដឹកនាំដោយឧបការីរងរដ្ឋមន្ត្រី ការបរទេសទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី Sonata Coulter ។

គួរឲ្យដឹងដែរថាផែនការសម្រាប់កិច្ចប្រជុំថ្មីត្រូវបានប្រកាសជាលើកដំបូងកាលពីសប្តាហ៍មុនដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលបាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កំពុងទាក់ទងគ្នាតាមទូរស័ព្ទ និងសន្និសីទតាមវីដេអូផង ដើម្បីរៀបចំសម្រាប់ជុំបន្តបន្ទាប់ នៃកិច្ចចរចាទ្វេភាគីនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top